(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប រៀបចំសម្តែងរបាំត្រុដ និងឆៃយាំ រយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៣, ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ដើម្បីទទួលភ្ញៀវទេសចរ ដែលបានធ្វើដំណើរមកដល់ទឹកដីកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅពេលដែលភ្ញៀវទេសចរអញ្ជើញចាកចេញពីយន្តហោះ ពួកគាត់ត្រូវបានទទួលស្វាគមន៍ពីមន្ត្រីកម្ពុជា ដោយបំពាក់ក្រមាម្នាក់មួយ និងមានការលេងឆៃយាំ និងសម្តែងនូវរបាំត្រុដ ជូនភ្ញៀវទេសចរទស្សនាកម្សាន្តផងដែរ។
សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំភ្លេងឆៃយាំ ស្វាគមន៍អ្នកទេសចរ នៅតាមព្រលានយន្តហោះ ដែលជាការស្វាគមន៍ មុនចូលមកលេងកម្សាន្តនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្វាគមន៍ភ្ញៀវនៅព្រលានយន្ដហោះ គឺជាកិច្ចការសំខាន់ ដែលអាចឲ្យមនុស្សប្ដូរចិត្ដ ពីការមកលេង១ថ្ងៃ ទៅជា៥ថ្ងៃ ដែលនេះ ជាកិច្ចការសំខាន់៕