(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីសាសនាពូនភ្នំខ្សាច់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមប្រពៃណីសាសនាទំនៀមទម្លាប់ខ្មែរ នៅវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងលោក លោកស្រី សមាជិករដ្ឋសភា សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ដោយបានការនិមន្តយាងរបស់ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ សមាជិកាថេរសភាព្រះពុទ្ឋសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាបចូលរួមផងដែរ។
តាមទំនៀមទម្លាប់ខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីតែងតែនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ រៀបចំពលិការគ្រឿងសក្ការបូជា អុជទៀន ធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ។ ក្នុងឱកាសចូលឆ្នាំថ្មីនេះដែរ ក៏មានពិធីសាសនាជាច្រើនទៀត នៅតាមវត្តអារាមនានាផងដែរ។
ពិធីពូនភ្នំខ្សាច់ដែលគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ក៏ជាប្រពៃណីទំនៀមទម្លាប់ដែលខ្មែរតែងតែនិយមធ្វើជារៀងរាល់ពេលចូលឆ្នាំ ឬធ្វើក្នុងឱកាសពិធីផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌជាដើម។ ក្រៅពីនេះ គេច្រើនតែធ្វើចំពោះពេលបុណ្យចម្រើនអាយុ ជូនចំពោះមាតាបិតា ដើម្បីរំដោះគ្រោះចង្រៃផ្សេងៗ។
ការពូនភ្នំខ្សាច់នេះ គឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លាដែលគេបានកំណត់ រួចពូនអោយចេញជារាងចេតិយ ហើយភ្នំខ្សាច់ដែលគេពូនមិនមានកំណត់ថា ត្រូវមានខ្នាតតូចធំខ្ពស់ទាបប៉ុណ្ណាប៉ុណ្ណានោះទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ការសាង «វាលុកចេតិយ»នេះ គេសំគាល់ថានឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ។
បើយោងតាមឯកសារទំនៀមទម្លាប់ប្រពៃណីខ្មែរ បានឲ្យដឹងថា ការធ្វើពិធីពូនភ្នំខ្សាច់ មានអត្ថន័យមួយចំនួនដូចជា៖ ១- ពិធីពូនភ្នំខ្សាច់ប្រារព្ធឡើង ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយ របស់ព្រះសម្មាសម្ពុទ្ធ ដែលតាំងនៅឯស្ថានតាវត្តិង្ស។ ពិធីពូនភ្នំខ្សាច់ គឺដើម្បីរំដោះកម្មពៀរវេរា ដែលខ្លួនធ្លាប់បានសាងពីមុនមកជាដើម។
ដោយឡែក ពិធីស្រង់ព្រះ ដែលគេបាននាំគ្នារៀបចំពិធីស្រោចទឹកឪពុកម្តាយ ជីដូនជីតា ឬចាស់ទុំក្នុងភូមិស្រុក ដើម្បីជាការសុំខមាទោសចំពោះអំពើមិនគម្បីណាមួយ ដែលពួកគេបានប្រព្រឹត្តចំពោះលោកអ្នកមានគុណផង និងដើម្បីតបស្នងសងគុណចំពោះគុណូបការៈរបស់លោកអ្នកដ៏មានគុណផង និងសុំពរជ័យសព្ទសាធុការពីលោកអ្នកដ៏មានគុណ និងចាស់ព្រឹទ្ធាចារ្យទាំងអស់ ដើម្បីនាំមកនូវសំណាងល្អ អាយុយឺនយូរ រកស៊ីមានបាន និងសេចក្តីសុខចម្រើនក្នុងឆ្នាំថ្មីនេះផងដែរ។
សម្តេចព្រះព្រហ្មរតនមុនី ក៏មានសង្ឃដិកា ដល់អភិបាលខេត្តសៀមរាប សូមឲ្យនៅសង្ក្រាន្តឆ្នាំក្រោយៗ សុំឲ្យរៀបចំនូវសម្លៀកបំពាក់បុរាណដូនតាខ្មែរយើង ក្នុងគោលដៅធ្វើការស្តារឡើងវិញ ពីវប្បធម៌ប្រពៃណីជាតិ ដើមី្បជៀសវាងនូវការចោទប្រកាន់ពីប្រទេសដទៃថា ចម្លងវប្បធម៌របស់គេផងដែរ៕