(ភ្នំពេញ)៖ បក្សប្រឆាំងបានប្រកាសជាចំហរហើយ អំពីគម្រោងប្រមូលសមាជិក សមាជិកា សកម្មជន អ្នកគាំទ្រ និងមហាជន មកជួបជុំនៅស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃទី ០៩ ខែកញ្ញាស្អែកនេះ ដែលចំថ្ងៃតុលាការជម្រះក្តីលោក កឹម សុខា ប្រធានស្តីទីបក្សប្រឆាំង។
ការមកប្រមូលផ្តុំមនុស្សច្រើនរាប់រយពាន់នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រឆាំង ដែលមានទំហំតូច និងស្ថិតនៅតំបន់ទីប្រជុំជន ងាយនឹងប្រឈមគ្រោះថ្នាក់ ជាយថាហេតុខ្លាំងណាស់។ កន្លងមកជាបទពិសោធន៍ គណបក្សប្រឆាំងធ្លាប់បានដឹកនាំមនុស្ស និងកៀរគរប្រជាពលរដ្ឋមកធ្វើបាតុកម្ម ក្នុងរូបភាពទាមទារផ្សេងៗ ដែលបង្កឱ្យផ្ទុះឡើងនូវអំពើហឹង្សា រហូតមានការវាយបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបង្ករបួសស្នាម រហូតដល់មានអ្នកស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រមូលផ្តុំរបស់បក្សប្រឆាំងជាបន្តបន្ទាប់។
សូមគិតដល់ក្រុមគ្រួសាររបស់អ្នកជាមុនសិន មុននឹងសម្រេចចិត្តចូលរួមក្នុងយុទ្ធនាការណាមួយ របស់គណបក្សប្រឆាំង។ ឧទាហរណ៍ជាក់ស្តែងនាពេលថ្មីៗនេះ សកម្មជនរបស់គណបក្សប្រឆាំងម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិត ក្នុងពេលដែលធ្វើដំណើរចាកចេញពីទីស្នាក់ការកណ្តាលគណបក្សប្រឆាំង ចាក់អង្រែលើត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមកចូលរួមការពារលោក កឹម សុខា ដែលរស់នៅពួនសម្ងំក្នុងស្នាក់ការបក្ស។
សំនួរសួរថា តើប្រពន្ធកូន និងក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែខំធ្វើដំណើរមកពីចម្ងាយមកការពារលោក កឹម សុខា នឹងត្រូវរស់នៅជួបលំបាកបែបណា? តើអ្នកណានឹងចេញមុខធានាដល់ជីវភាព និងបន្ទុកគ្រួសាររបស់អ្នកស្លាប់នេះទៅ? ហើយតើក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះទទួលបានលទ្ធផលអ្វីខ្លះ ពីការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបំរើមេដឹកនាំបក្សប្រឆាំង រហូតដល់ស្លាប់ខ្លួនឬទេ?
សរុបមក អត់មានទេ ដូច្នេះមុននឹងសម្រេចចិត្តចូលរួមក្នុងយុទ្ធនាការណាមួយរបស់បក្សប្រឆាំង ពិសេសការកៀរគរមនុស្សទ្រង់ទ្រាយធំដែលអាចបង្កចលាចល ផ្សេងៗក្នុងសង្គមជាតិ សូមពិចារណាឱ្យបានល្អិតល្អន់ជាមុនសិន ពីសុខទុក្ខផ្ទាល់ខ្លួនរបស់អ្នក និងក្រុមគ្រួសាររបស់ខ្លួន។ គ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេល វេលាដោយយើងម្នាក់ៗមិនអាចដឹងបានជាមុនឡើយ ហើយបើសិនជាអ្នកចូលរួមណាម្នាក់មានគ្រោះថ្នាក់អ្វីមួយនោះ អ្នកដែលត្រូវប្រឈមបញ្ហាខ្លាំងបំផុតនោះ គឺគ្រួសាររបស់ជនរងគ្រោះនោះឯង។ ដូច្នេះសូមប្រយ័ត្នប្រយែង និងគិតគូរឱ្យបានច្បាស់លាស់សិន។
ជាមួយគ្នានេះ អ្នកគាំទ្របក្សប្រឆាំងត្រូវដឹងថា ទោសកំហុសរបស់លោក កឹម សុខា គឺជាស្ថិតក្នុងចំណាត់ការរបស់តុលាការ ដែលគ្មានអ្នកណាម្នាក់មានសិទ្ធិជ្រៀតជ្រែក ឬលូកដៃកកូរកកាយនីតិវិធីរបស់តុលាការឡើយ។ បើបងប្អូនប្រជាពលរដ្ឋ ជ្រៀតជ្រែកនិតិវិធីរបស់តុលាការ និងប្រឆាំងការសម្រេចរបស់តុលាការ ទៅលើលោក កឹម សុខា នោះ មានន័យថា បងប្អូនកំពុងតែប្រព្រឹត្តល្មើសនឹងច្បាប់ហើយ។ ច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណៈចែងថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ដោយហឹង្សា នឹងអ្នករាជការសាធារណៈ ដែលធ្វើសកម្មដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ។
បទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៣ខែ និងពិន័យជាប្រាក់ពី ១០០.០០០រៀលទៅ ៥០០.០០០រៀល។ ក្រមព្រហ្មទណ្ឌ មាត្រា៥០៤ ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ ចែងថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០រៀល ទៅ ២.០០០.០០០រៀល នៅក្នុងករណីដូចតទៅ៖ ១៖ ការប្រឆាំងនឹងអ្នករាជការសាធារណៈ បានប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត។ ២៖ ចារីមានអាវុធ។
ម៉្យាងវិញទៀត ទោសកំហុសរបស់ លោក កឹម សុខា គឺមិនមានការសម្របសម្រួលខាងផ្នែកនយោបាយណាមួយឡើយ ពីព្រោះតុលាការជាស្ថាប័នឯករាជ្យ ដូច្នេះទោះបីជាបងប្អូនខំប្រឹងឡើងមកសន្ធឹកសន្ធាប់ប៉ុណ្ណាក៏អត់ប្រយោជន៍ដែរ។ បងប្អូនជាជនសាមញ្ញគ្មានលទ្ធភាពឯណា ទៅកាងជួយលោកប្រធានស្តីទីបក្សប្រឆាំងបានទេ។ ទោសកំហុសរបស់គាត់ ក៏មិនអាចលុបលាងជ្រះដោយសារ ការកេណ្ឌមនុស្សទៅស្នាក់ការគណបក្សនៅថ្ងៃជម្រះក្តីនោះដែរ, មានតែការតតាំងគ្នាតាមប្រព័ន្ធយុត្តិធម៌ ដើម្បីការពារខ្លួនបាន សំខាន់ជនពាក់ព័ន្ធត្រូវមានភស្តុតាងរឹងមាំក្នុងការដោះបន្ទុក។
រឿងមួយទៀតដែលអ្នកគាំទ្រ និងពលរដ្ឋត្រូវដឹង គឺនៅថ្ងៃជម្រះក្តី ទី០៩ ខែកញ្ញាស្អែកនេះ ទោះបីជាតុលាការសម្រេចថា លោក កឹម សុខា ត្រូវមានទោសរឺយ៉ាងណាក៏ដោយ ក៏លោក កឹម សុខា និងបក្ខពួកដឹងច្បាស់ខ្លាំងណាស់ថា លោកប្រធានស្តីទី កឹម សុខា នឹងមិនត្រូវប្រឈមការចាប់ខ្លួនពីសមត្ថកិច្ចភ្លាមៗនោះដែរ គឺតុលាការមាននីតិវិធីបន្តបន្ទាប់ទៀត លុះត្រាតែសាលក្រមចូលជាស្ថាពរ ទើបអនុវត្តការចាប់ខ្លួនបាន។
ប៉ុន្តែក្រុមប្រឆាំង មានគោលដៅផ្សេងពីនេះក្នុងការប្រមូលអ្នកគាំទ្រ និងមហាជនមកស្នាក់ការបក្សប្រឆាំង គឺចេតនាប្រមូលផ្តុំមនុស្សឱ្យបានច្រើន បង្កើតហេតុការណ៍ ប្រទូស្តរាយ ដើម្បីបញ្ឆេះកំហឹងអ្នកចូលរួមឱ្យក្រោកឡើងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសឡើងមកការពារលោកប្រធានស្តីទី។ ទាំងនេះ គឺជាចេតនាដ៏ខ្មៅ កខ្វក់របស់បក្សប្រឆាំង ដែលបានរៀបចំទុក និងបានធ្វើប្រតិបត្តិការជាបន្តបន្ទាប់ ប៉ុន្តែត្រូវបរាជ័យទៅវិញ ក្រោយពីចេតនាដ៏អាក្រក់នេះត្រូវរដ្ឋាភិបាល និងអាជ្ញាធរទប់ស្កាត់បាន៕
ដោយ៖ អ្នកវិភាគពិសេស