(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ កំពុងសាកសួរលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់។ ស្របជាមួយគ្នានេះ សកម្មជនបឹងកក់ជាង២០នាក់ ក៏កំពុងប្រមូលផ្ដុំមុខតុលាការ ទាមទារឲ្យដោះលែងលោកស្រី ទេព វន្នី ផងដែរ ។ ការសាកសួរនេះ ត្រូវបានធ្វើឡើងជាអសាធាណៈ ខណៈអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ពុំបានអនុញ្ញាតឲ្យចូល ក្នុងបរិវេណតុលាការ ឡើយ ពោលគឺឈរនៅក្រៅរបងតុលាការទាំងអស់។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ពុំទាន់អាចបញ្ជាក់ពីកម្មវត្ថុពិតប្រាកដនៃការសាកសួរលោកស្រី ទេព វន្នី បាននៅឡើយទេ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា នេះ ។ គួររំលឹកថា សកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី បន្តជាប់ឃុំក្នុងពន្ធនាគារ ខណៈដៃគូ គឺ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីព្រឹកថ្ងៃទី២២ ខែសីហា សម្រេចកែប្រែបទចោទប្រកាន់លើស្ត្រីបឹងកក់ពីរនាក់ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ មកជាបទ «ប្រមាថ» វិញ ។
តុលាការសម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់ទាំងពីរនាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ថ្ងៃនិងពិន័យជាប្រាក់៨ម៉ឺនរៀល ពីបទ «ប្រមាថ» តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ។ ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ ខែសីហា ។
ទោះបីយ៉ាងណា ឈ្មោះ ទេព វន្នី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅមានពីរករណីផ្សេងទៀត នៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការ សាធារណៈ និង បទប្រឆាំងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោសជាដើម ។