(ប្រេស៊ីល)៖ ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីល បានច្រានចោលនូវពាក្យដែលថា សត្វមូសធម្មតា ដែលគេស្គាល់ថា «Culex» អាចចម្លងវីរុសស Zika បាន ខណៈក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ថា មានតែសត្វមូសប្រភេទ «Aedes» ដែលគេដឹងថា ជាប្រភពចម្លងដ៏ចម្បងនៃវីរុសមួយនេះ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ។
នៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុង Rio de Janeiro ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Oswaldo Cruz បានឲ្យដឹងថា ការសិក្សាជាមួយវិទ្យាស្ថាន Pasteur ក្នុងទីក្រុង Paris អាចនាំឲ្យគេ រកឃើញថា សត្វមូសប្រភេទធម្មតា Culex មិនអាចចម្លងវីរុស Zika បាននោះទេ។
ក្រុមអ្នកវិទ្យាសាស្ត្របានវិភាគ លើសត្វមូសចំនួន ១,៦០០ក្បាល ដែលប្រមូលមកពី៥តំបន់ផ្សេងគ្នា នៅទូទាំងប្រទេសប្រេស៊ីល។ ពាក់កណ្តាលជាសត្វមូសប្រភេទ Culex និងពាក់កណ្តាលទៀត ជាប្រភេទ Aedes ពួកគេបានធ្វើតេស្តដើម្បីកំណត់ ថាតើសត្វមូសប្រភេទណា ដែលអាចចម្លងវីរ៉ុស Zika បាន។
បន្ទាប់មកទៀតក្រុមអ្នកវិទ្យាសាស្ត្រ បានដាក់វាបញ្ចូលគ្នា ហើយឲ្យពួកវាបឺតឈាម ដែលមានផ្ទុកវីរ៉ុស Zika ជាលទ្ធផលពួកគេ បានរកឃើញថា មានចម្លោះពី៨០ទៅ១០០ភាគរយ នៃសត្វមូសប្រភេទ Aedes ផ្ទុកដោយវីរុស ជាមួយនឹងបរិមាណនៅក្នុងទឹកមាត់របស់វា។ ស្របពេលនោះដែរ មិនមានសត្វមូស ប្រភេទ Culex ណាមួយ មានលទ្ធផលដូចសត្វមូសប្រភេទ Aedes នោះទេ៕
សូមជម្រាបថា ប្រេស៊ីលជាប្រទេសមួយ ក្នុងតំបន់ប្រទេសដែលរងការរាតត្បាត ដោយវីរ៉ុស Zika ខ្លាំងជាងគេ បើទោះបីជាករណីបានធ្លាក់ចុះ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ បន្ទាប់ពី មានយុទ្ធនាការត្រួតពិនិត្យធំមួយ មុនពេលរដូវរងារមកដល់៕