អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅថ្ងៃសៅរ៍ ៥កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២៤ នៅយប់នេះ វេលាម៉ោង១០.១៧នាទី និង២៤វិនាទីដ៏ប្រពៃថ្លៃថ្លានេះ ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស បានរៀបចំតុបតែងពន្លឺភ្លើងពណ៌លម្អ អំណរសាទរដើម្បីទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជាបុត្រីទី៧របស់កបិលមហាព្រហ្ម យ៉ាងអធិកអធម និងពោរពេញដោយភាពសប្បាយរីករាយជាមហាគ្រួសារខ្មែរតែមួយ។
បើពោលអំពីពិធីអំណរសាទរបុណ្យចូលឆ្នាំថ្មី ដ៏សែនសប្បាយរីករាយនេះ គឺច្បាស់ណាស់! រាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្ដដឹកនាំប្រទេសតាមគន្លងផ្លូវ "សន្ដិភាព" ជាផ្លូវផ្ដល់នូវភាពសុខសាន្ដជូនជាតិ និងប្រជាពលរដ្ឋដ៏ត្រចះត្រចង់ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ជាក់ស្ដែងក្នុងអាណត្ដិទី៧ របស់រាជរដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលទើបមានអាយុ៧ខែមកនេះ មានក្រុមហ៊ុនវិនិយោគធំៗពីបរទេសរាប់រយបានមកវិនិយោគនៅស្រុកខ្មែរ ដែលធ្វើឲ្យមាតុភូមិកម្ពុជា កាន់តែស្រស់បវរនិងខ្លាំងក្លាថែមទៀតទាំងលើឆាកជាតិនិងអន្ដរជាតិ ។ ព្រោះបាននាំមកនូវសមិទ្ធិផលជាផ្លៃផ្កាជូនជាតិ និងប្រជាជន ជាបន្ដបន្ទាប់មានដូចជា ផ្លូវជាតិ ស្ពានធំៗ ឆ្លងកាត់ទន្លេ ខ្វាត់ខ្វែងពាសពេញរាជធានីក្រុង-ខេត្ដ ដើម្បីសម្រួលដល់មធ្យោបាយក្នុងការធ្វើដំណើរនិងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងអាគារធំៗយ៉ាងស្កឹមស្កៃខ្ពស់កប់ពពកពាសពេញផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដខ្មែរ ។
លោក រ័ត្ន សណ្ដាប់ បន្ដថា អ្វីដែលជាការកត់សម្គាល់ថែមទៀតនោះ ស្ថិតក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង បើពោលពីឆ្នាំនៃសត្វ តំណាងសត្វនាគនេះ យើងឃើញគ្រប់រាជធានីក្រុង- ខេត្ដទូទាំងប្រទេស មានការរៀបចំតុបតែងភ្លើងពណ៌លម្អរចនាសត្វនាគយ៉ាងរស់រវើកដ៏ល្អវិចិត្រ និងមានល្បែងរបាំប្រពៃណីប្រជាប្រិយផ្សេងៗ មានដូចជាបោះអង្គញ់, ចោលឈូង, លាក់កន្សែង , ទាញ់ព័ត្រ, ដណ្ដើមស្លឹកឈើ, ចាប់កូនខ្លែង, វាយក្អម, រាំងវង់, រាំក្បាច់ ជាដើម នៅតាមតំបន់នីមួយៗ សក្ដិសមជាប្រទេសដែលមានខឿនអរិយធម៌បរមបុរាណខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដមតាំងពីបុរាណមក។
ម្យ៉ាងទៀតក្នុងទិដ្ឋភាពនៃពិធីបុណ្យចូលឆ្នាំថ្មី ដ៏សែនសប្បាយរីករាយនេះ ប្រជាជាតិខ្មែរគឺលែងមានកង្វល់ខ្វល់ខ្វាយ លែងគិតពីការឈ្លោះប្រកែកគ្នាពីរឿងនយោបាយដែលតែងតែញុះញង់បង្កទ្បើងពីក្រុមប្រឆាំងមកលើរាជរដ្ឋាភិបាល ប៉ុន្ដែគាត់បែរជានាំគ្នាសប្បាយរីករាយនិងសន្ដិភាព សូម្បីតែមានស្ថានការណ៍ពិភពលោក ដែលកំពុងផ្ទុះសង្រ្គាម នៅអឺរ៉ុបខាងកើតរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយនិងសង្រ្គាមនៅមជ្ឍិមបូព៌ារវាង អ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាទ្បេស្ទីន យ៉ាងណាក៏ដោយ ។ ជាពិសេសទោះបីជាមានការប្រែប្រួលបរិស្ថានពិភពលោក ដែលធ្វើឲ្យកម្ពុជាទទួលរងនូវអាកាសធាតុក្ដៅយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរនៅតែបញ្ចេញនូវស្នាមញញឹមទាំងអស់គ្នាយ៉ាងស្រស់បំព្រងនិងសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។
ជាសរុបលោក រ័ត្ន សណ្ដាប់ បញ្ជាក់បន្ថែមថា បើពោលអំពីសង្រ្គាន្ដឆ្នាំថ្មី ឆ្នាំរោង តំណាងសត្វនាគនេះផងដែរ គឺនាគបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌ខ្មែរ ដែលមានប្រវត្តិដ៏យូរលង់តាំងពីបឋមកាលមក។ ព្រោះតាំងពីព្រេងនាយមក នាគខ្មែរ តំណាងឲ្យសិរីសួស្តី រឹងមាំ អំណាច សេចក្តីថ្លៃថ្នូរ ឫទ្ធានុភាព សំណាងល្អ បញ្ញាវៀងវៃ ថាមពល និងស្មារតីអង់អាចក្លាហាន ។
ក្នុងប្រព័ន្ធជំនឿខ្មែរ ជឿថា សត្វនាគអាចនាំមកនូវសិរីមង្គល និងសំណាងល្អ ទាំងក្នុងជីវភាពប្រចាំថ្ងៃទាំងក្នុងកិច្ចពិធីសំខាន់ៗ ហេតុនេះគេតែងឃើញវត្តមាននៃរូបសត្វនាគនៅលើសម្ភារៈផ្សេងៗនៃប្រវត្ដិសិល្ប:ខ្មែរ ។ ដូច្នេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង សត្វនាគ នឹងនាំមកនូវភាពសម្បូរសប្បាយ ប្រទេសជាតិនឹងរឹតតែរុងរឿងថ្កុំថ្កើង មានសុខសន្តិភាព ប្រជាជាតិខ្មែររស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពក្សេមក្សាន្ត៕