(យង់ហ្គូន)៖ យោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មានជនជាតិ មីយ៉ាន់ម៉ាចំនួន១៣៧នាក់ បន្ថែមទៀត ដែលត្រូវបានគេឃុំខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅកាន់ មាតុប្រទេស វិញ។
ស្ថិតក្រោមការឧបត្ថម្ភដោយមូលនិធិឯកជន KBZ Brighter Future Myanmar Foundation មានជនជាតិមីយ៉ាន់ម៉ា១៣៧នាក់ ដែលគេធ្វើ អត្តសញ្ញាណប័ណ្ណឲ្យបានវិលត្រឡប់ទៅកាន់ទីក្រុង Yangon របស់មីយ៉ាន់ម៉ា នាថ្ងៃអង្គារតាមជើងហោះហើរ ជួលមួយ ចេញពីអាកាសយាន្តដ្ឋាន នាទីក្រុង Kuala Lumpur របស់ម៉ាឡេស៊ី។
ការវិលត្រឡប់របស់ជនជាតិមីយ៉ាន់ម៉ា១៣៧នាក់នេះ បានធ្វើឲ្យចំនួនសរុប នៃជនជាតិមីយ៉ាន់ម៉ា ដែលបានធ្វើមាតុភូមិនិវត្តន៍ កើនឡើងដល់៨២៤នាក់។ នៅមានជនជាតិមីយ៉ាន់ម៉ា ដែលជាប់ឃុំខ្លួនបន្ថែមទៀត នឹងត្រូវបញ្ជូនទៅកាន់ស្រុកកំណើត។ នេះបើតាមរបាយការណ៍បានឲ្យដឹងយ៉ាងដូច្នេះ។
មានជនជាតិមីយ៉ាន់ម៉ាចំនួន២,២៩៤នាក់ ត្រូវបានគេរាយការណ៍ថា បានចាប់ឃុំខ្លួនដោយមូលហេតុជាច្រើនផ្សេងៗគ្នា ក្នុងជំរុំចំនួន១១ នៅម៉ាឡេស៊ី។
សូមជំរាបថា នៅខែមីនា ឆ្នាំ២០១៥ នាវាចម្បាំងមួយគ្រឿងរបស់មីយ៉ាន់ម៉ា បានដឹកជនអន្តោរប្រវេសន៍មីយ៉ាន់ម៉ា ខុសច្បាប់ ចំនួន១០២នាក់ ចាកចេញពីម៉ាឡេស៊ី ដោយពួកគេបានចូលម៉ាឡេស៊ីដោយខុសច្បាប់ និងអ្នកខ្លះទៀតត្រូវបានជាប់ឃុំនៅជំរុំ ដោយសារពួកគេមិនមានអត្តសញ្ញាណបណ្ណ ដែលអាចអនុញ្ញាតិឲ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញបាន។ មានជនអន្តោរ ប្រវេសន៍មីយ៉ាន់ម៉ា ជាង៤០០,០០០នាក់ ត្រូវបានគេរាយាការណ៍ថា បាននឹងកំពុងធ្វើការនៅម៉ាឡេស៊ី ហើយភាគច្រើន នៃពួកគេ ធ្វើការដោយស្របច្បាប់។
សូមជម្រាបថា កាលពីខែកញ្ញា ឆ្នាំ២០១៣ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចាប់ផ្តើមហៅឲ្យត្រឡប់មកវិញ នូវប្រជាពលរដ្ឋខ្លួន ដែលត្រូវបានគេឃុំខ្លួន នៅម៉ាឡេស៊ី ពីបទធ្វើការនៅទីនោះដោយខុសច្បាប់៕