(អាមេរិក)៖ នៅពេលរំលងអធ្រាតឈានចូលថ្ងៃទី០៨ ខែកញ្ញា ពេលវេលានៅកម្ពុជា ត្រូវនឹងព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ពេលវេលានៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក គឺជាពេលដែលរូបរាង iPhone 7 ដែលគ្រប់គ្នាទន្ទឹងរង់ចាំអស់ពីរឆ្នាំត្រូវធ្វើការបង្ហាញ ចេញជាផ្លូវការ ព្រមជាមួយនឹងតម្លៃ និងបច្ចេកវិទ្យាទំនើបថ្មី ចុងក្រោយ ដែលបំពាក់នៅលើវាផងដែរ។ នេះបើ តាមការចេញផ្សាយដោយ Telegraph អង់គ្លេសនៅមុននេះបន្តិច។
ក្រុមហ៊ុន Apple តែងតែបញ្ចេញទូរសព្ទ iPhone រូបរាងថ្មីរបស់ខ្លួន នៅក្នុងរយៈពេល ៣ឆ្នាំម្ដង ដើម្បីជួយជំរុញកំណើនប្រាក់ ចំណូលរបស់ខ្លួន។
របាយការណ៍ក្រុមហ៊ុនស្រាវជ្រាវ បានឲ្យដឹងថា ការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះ ២ត្រីមាសជាប់គ្នា នៅក្នុងឆ្នាំនេះ ដែលនោះគឺជា ការធ្លាក់ចុះលើកដំបូង ក្នុងប្រវត្តិសាស្ត្រនៃទូរសព្ទនេះ។ ចំពោះពាក្យចរចាមអារាមនៃ សមត្ថភាពរបស់ iPhone ជំនាន់ថ្មីនេះថា វានឹងប្រើប្រាស់ អេក្រង់ OLED, ការរចនាតួខ្លួនពី កញ្ចក់នៅលើគម្របមុខ និងក្រោយ, ការរចនាមិនឲ្យមានគែមអេក្រង់សងខាង និងបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនោះ វាទំនងជានឹងមិនត្រូវបានបំពាក់ នៅក្នុង iPhone ជំនាន់ថ្មីក្នុងឆ្នាំ ២០១៦ នេះឡើយ។
ក្រុមហ៊ុនដែលមានតម្លៃភាគហ៊ុនថ្លៃជាងគេនៅលើពិភពលោកមួយនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញទូរសព្ទមួយ ដែលមិនមានរន្ធ ដោតកាសស្ដាប់នោះឡើយ ពោលគឺជំនួសមកវិញដោយកាសស្ដាប់តាមប្រព័ន្ធឥតខ្សែ ប៊ូតុង Home មានរំញ័រ មានកាមេរ៉ាខាងក្រោយ២ សម្រាប់ទូរសព្ទ iPhone ម៉ូឌែល Plus ព្រមទាំងបច្ចេកវិទ្យាថ្មីៗដទៃទៀត៕