(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធានក្រុមសភាមកពីគណបក្សប្រជាជនកម្ពុជា បានចាត់ទុកសមាជិកសភាមកពី គណបក្សសង្រ្គោះជាតិ កំពុងធ្វើឲ្យអន្តរាយនូវលទ្ធិប្រជាធិបតេយ្យ និងស្ថាប័ននយោបាយនៅកម្ពុជា ដែលបានកសាងឡើងយ៉ាងលំបាក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ឆ្លើយតបទៅនិងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានយកញត្តិទៅដាក់បណ្តាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងប្រទេសសមាជិកអាស៊ានកាលពីថ្ងៃទី០៥ ខែកញ្ញា ដើមសប្តាហ៍នេះ ដោយចោទប្រកាន់រាជរដ្ឋាភិបាល ក៏ដូចជាគណ បក្សប្រជាជនកម្ពុជា រំលោភលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរំលោភសិទ្ធិមនុស្សជាដើមនោះ សម្តេចក្រឡាហោម ស ខេង ក្នុងនាមជា ប្រធានក្រុមសភាមតិភាគច្រើននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើលិខិតចំហមួយថ្លែងទៅកាន់ថ្នាក់ដឹកនាំ នៃប្រទេសជាសមា ជិកអាស៊ាន និងថ្នាក់ដឹកនាំ នៃប្រទេសនានាលើពិភពលោក។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតនោះថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាល នៃប្រទេសទាំង១៩ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាការកំណត់ នៃការបញ្ចប់ជាផ្លូវការ នៃជម្លោះបង្ហូរឈាម ដែលអូសបន្លាយ អស់ជាច្រើនទស្សវត្សរ៍នៅកម្ពុជា។ សម្តេចក្រឡាហោម បន្តថា កិច្ចព្រមព្រៀងនេះ អាចកើតមានឡើងទៅបាន គឺអាស្រ័យដោយរាជរដ្ឋាភិ បាលស្របច្បាប់នៅរាជធានីភ្នំពេញ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាយកសន្តិភាពជាអាទិភាពចម្បង និងឈោងទៅបញ្ចប់ជម្លោះ ជាមួយត្រីភាគី រួមទាំងភាគីខ្មែរក្រហម ទោះបីគណបក្សប្រជាជនកម្ពុជា មានទឹកដីគ្រប់គ្រង និង កម្លាំងប្រដាប់អាវុធធំលើសលប់យ៉ាង ណាក្តី។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «នេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ ដឹកនាំគណបក្សក្នុងការធានាថា ប្រជាជនកម្ពុជាគ្រប់រូបអាចទទួលបាននូវសេរីភាពពេញលេញ និងមានអនាគតដ៏ភ្លឺស្វាង។ ដូច្នេះការ ចោទប្រកាន់ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការំលោភបំពានទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមិនច្បាស់លាស់ និងមិន មានការទទួលខុសត្រូវឡើយ»។
សម្តេចក្រឡាហោម បានគូសបញ្ជាក់ទៀតថា សមាជិកសភាមកពីគណបក្សប្រឆាំង កំពុងតែធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ និង ស្ថាប័ននយោបាយរបស់ប្រទេស ដែលត្រូវបានកសាងជាជំហ៊ានៗនៅក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ដោយរាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ។ សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា សមាជិកសភាគណបក្សប្រឆាំងតែងតែទាញយកផលប្រយោជន៍ នៃ អភ័យឯកសិទ្ធិ ដើម្បីបម្រើគោលបំណងនយោបាយ និងអាត្មានិយម។
«បុព្វសិទ្ធិទាំងនេះ គឺផ្តល់ឲ្យពួកគេ ដើម្បីឲ្យពួកគេអាចបំពេញតួនាទី និងទំនួលខុសត្រូវចំពោះប្រជាជន និងប្រទេសជាតិ។ ប៉ុន្តែពួកគេ ប្រើប្រាស់អភ័យឯកសិទ្ធិជាខែល ដើម្បីការពារខ្លួននៅពេលពួកគេបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ។ ក្រុមសភាគណបក្សប្រឆាំងមិនអាចបង្ខូច កេរ្តិ៍ឈ្មោះ និងចោទប្រកាន់មកលើនរណាម្នាក់ពីល្មើសដោយមិនមានភស្តុតាង ឬក្លែងបន្លំឯកសារសាធារណៈ ឬ ញុះញង់ឲ្យមានអំពើ ហិង្សា ហើយចាត់ទុកថា វាជាការអនុវត្តនូវសេរីភាព នៃការបញ្ចេញមតិឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចក្រឡាហោម នៅក្នុងលិខិតចំហ។
សម្តេចក្រឡាហោម បានចាត់ទុកមេដឹកនាំ និងអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថា ជាអ្នកចេះច្បាប់ តែកំពុងអង្គុយលើច្បាប់។ សម្តេច បានលើកជាឧទាហរណ៍ថា ក្នុងករណីលោក កឹម សុខា និងលោក សម រង្ស៊ី បាននិងកំពុងធ្វើផ្ទុយពីប្រព័ន្ធច្បាប់នៅក្នុងប្រទេស កម្ពុជា។ សម្តេចក្រឡាហោមថា ឥរិយាបទរបស់មេដឹកនាំបក្សប្រឆាំង គឺជាទង្វើមិនទទួលខុសត្រូវ ហើយក៏មិនអត់ឱនឲ្យបានផងដែរ។
សម្តេចក្រឡាហោម ស ខេង បានរំលឹកមេដឹកនាំ និងតំណាងរាស្រ្តមកពីបក្សប្រឆាំងថា «គណបក្សសង្រ្គោះជាតិ និងសមាជិករបស់ពួក គេត្រូវតែយល់ដឹងថា ការកសាងនូវលិទ្ធិប្រជាធិបតេយ្យ ដ៏រឹងមាំមួយតម្រូវថាបុគ្គលម្នាក់ៗ ត្រូវតែទទួលបាននូវការប្រព្រឹត្តដូចគ្នាចំពោះ មុខច្បាប់ ដោយមិនគិតពីឋានៈ ទ្រព្យសម្បត្តិ ជាតសាសន៍ និងអំណាចឡើយ។ ពួកគេមិនអាចស្នើសុំឲ្យមានការអនុវត្តខុសគ្នានៅពេល មានការរំលោភនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យឡើយ។ ជាថ្នាក់ដឹកនាំនយោបាយ ដែលទទួលបាននូវការទុកចិត្ត និងបោះឆ្នោតឲ្យដោយ ប្រជាជន ពួកគេគួរតែធ្វើជាគំរូ និងត្រូវចាប់ផ្តើមធ្វើកិច្ចការជាសាធារណៈ ឬឯកជននៅក្នុងដែនកំណត់របស់ច្បាប់ និងរដ្ឋធម្មនុញ្ញ»។
ក្នុងលិខិតចំហនេះសម្តេចក្រឡាហោម ស ខេង តំណាងឲ្យសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងថ្កោលទោសម៉ឺងម៉ាត់ ទៅលើលិខិតចំហររបស់គណបក្សសង្រ្គោះជាតិ ព្រមទាំងទទូចឲ្យសហគមន៍អន្តរជាតិ និងថ្នាក់ដឹកនាំ នៃប្រទេសនានារបស់អាស៊ាន យកការវិនិច្ឆ័យ និងវាយតម្លៃដោយផ្អែកទៅលើស្ថានភាពពិតនៅកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានធ្វើការគូសបញ្ជាក់ថា ប្រសិនបើលិទ្ធិប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះដូចដែលអះអាងរបស់សមាជិក សភាគណបក្សប្រឆាំងមែននោះ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា មិនអាចទទួលបាននូវសន្តិភាព និងវិបុលភាព ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តនោះឡើយ៕