(ភ្នំពេញ)៖ គ្រាដែលសាលាដំបូងរាជធានីភ្នំពេញ នឹងជំនុំជម្រះក្តីលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនាថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ នាំឲ្យមានសាធារណមតិជាច្រើនកំពុងមានមន្ទិលសង្ស័យថា តើក្រោយការជំនុំជម្រះនេះនឹងមាន ការចាប់ខ្លួន លោក កឹម សុខា ដែរឬយ៉ាងណា?
ដើម្បីស្រាយនូវចម្ងល់ទាំងអស់នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញមកពន្យល់យ៉ាងលំអិតនៅក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។ បើតាមលោក គឹម សន្តិភាព នឹងគ្មានការចាប់ខ្លួនលោក កឹម សុខា នោះឡើយ បើទោះបីសាលក្រមនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ សម្រេចផ្តន្ទាទោសរូបលោកក៏ដោយនោះ។
Fresh News៖ ជម្រាបសួរលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌! ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការលើកឡើងខុសៗគ្នាស្តីពីសវនាការជំនុំជម្រះក្តីរបស់តុលាការនាថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះទាក់ទងនឹងសំណុំរឿងក្តីលោក កឹម សុខា ដោយមតិខ្លះយល់ថានឹងមានការចាប់ខ្លួនលោក កឹម សុខា រីឯអ្នកខ្លះយល់ថា នឹងមិនមានការចាប់ខ្លួននោះទេ នៅថ្ងៃសវនាការខាងមុខនេះ! ហេតុនេះសូមលោកជួយបញ្ជាក់ថា មានអំណាចផ្លូវច្បាប់ណាមួយអាចចាប់ខ្លួនលោក កឹម សុខា បានដែរឬទេនៅថ្ងៃទី៩ ខាងមុខនេះ?
លោក គឹម សន្តិភាព៖ ជាដំបូងខ្ញុំសូមបញ្ជាក់ថា តាមអ្វីដែលយើងបានដឹងនោះ នៅពេលនេះ ឯកឧត្តម កឹម សុខា ស្ថិតក្នុងឋានៈជាជនជាប់ចោទ ក្នងបទចោទ «បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះអាចផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀលទៅ១លានរៀល»។ ហេតុនេះនៅពេលជំនុំជម្រះ ជាគោលការណ៍តុលាការមិនអាចសម្រេចផ្តន្ទាទោសលើសពីកម្រិតទោស ដែលបានកំណត់ក្នុងច្បាប់នោះឡើយ។ ចឹងករណីនេះជនជាប់ចោទអាចត្រូវបានតុលាការសម្រេចផ្តន្ទាទោសក្នុងចន្លោះពី១ខែ ទៅ ៦ខែតែប៉ុណ្ណោះ ។
បើតុលាការសម្រេចផ្តន្ទាទោសរយៈពេលក្រោម ១ឆ្នាំបែបនេះ យោងតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តុលាការមិនអាចចេញនូវសេចក្តីសម្រេចពិសេសណាមួយទាក់ទងនឹងការឃុំខ្លួន ឬបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទបានទេ ទោះមានវត្តមានជនជាប់ចោទ ឬ មិនមានវត្តមានជនជាប់ចោទក្នុងពេលសវនាការនោះក៏ដោយ។
ប្រសិនបើតុលាការចេញប្រកាសសាលក្រមនៅថ្ងៃ៩ ខាងមុខ សម្រេចអំពីការផ្តន្ទាទោសលើជនជាប់ចោទក៏ដោយ ក៏សាលក្រមនេះពុំទាន់ចូលជាស្ថាពរនៅឡើយ ដែលមិនអាចអនុវត្តភ្លាមបាននោះទេ គឺលុះណាតែសាលក្រមចូលជាស្ថាពរ ទើបតុលាការអាចអនុវត្តសេចក្តីសម្រេច ដែលបានកំណត់តាមសាលក្រមស្ថាពរនេះ ។
Fresh News៖ ប្រសិនបើមានការប្រកាសសាលក្រមនាថ្ងៃទី៩ ខាងមុខនេះ តើសាលក្រមនេះ នឹងចូលជាស្ថាពរពេលណាលោក?
លោក គឹម សន្តិភាព៖ យោងតាមមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីមានវត្តមានជនជាប់ចោទក្នុងពេលសវនាការសាលក្រមនោះ ជាសាលក្រមចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍ គិតពីថ្ងៃប្រកាសសាលក្រម។
ក្នុងករណីពុំមានវត្តមានជនជាប់ចោទក្នុងពេលសវនាការ តែជនជាប់ចោទទទួលបានការជូនដំណឹងត្រឹមត្រូវតាមច្បាប់ សាលក្រមនោះ ជាសាលក្រមចាត់ទុកចំពោះមុខ ដែលទុករយៈពេល ១ខែ សម្រាប់បណ្តឹងឧទ្ទរណ៍ គិតពីពេលទទួលដំណឹងអំពីសាលក្រម៕