(ភ្នំពេញ)៖ ប្រតិភូសហគ្រិនវ័យក្មេងកម្ពុជា ២៦នាក់ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចេញដំណើរទៅ ប្រទេសអូស្រ្ដាលី ដើម្បីធ្វើទស្សនកិច្ច ស្វែងរកដៃគូពាណិជ្ជកម្ម និងផ្លាស់ប្តូរ បទពិសោធន៍ការធ្វើធុរកិច្ច។
ការធ្វើទស្សនកិច្ចធុរកិច្ចនេះ ក្រោមការគាំទ្រពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ស្ថានទូតកម្ពុជានៅប្រទេសអូស្រ្ដាលី ស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា និង Trade Partnership Cooperation បានធ្វើទស្សនកិច្ចធុរកិច្ច ដែលដឹកនាំដោយ លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
សហគ្រិនកម្ពុជាទាំង២៦រូបនោះ មកពី ២០ក្រុមហ៊ុន មានដូចជា វិស័យដឹកជញ្ជូន អេឡិចត្រូនិច្ច កសិកម្ម អចលនទ្រព្យ អប់រំនិងបណ្តុះបណ្តាល ទេសចរណ៍ ច្បាប់ និងវិស័យសេវាកម្មផ្សេងៗទៀត។
លោក លីម សុជាតិ អុនប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា «ទស្សនកិច្ចនេះធ្វើឡើងក្នុងគោល ដើម្បីពាំនាំយកឱកាសវិនិយោគ ដែលជាឱកាសមាស ក្នុងការវិនិយោគ ក្នុងប្រទេសកម្ពុជាយើង ទៅរៀបរាប់ជូនទៅដល់ពាណិជ្ជករ សក្ដានុពលនៅក្នុងប្រទេសអូស្រ្ដាលី ក៏ដូចជានាំយកអាជីវករ ក្រុមហ៊ុនក្នុងស្រុកដែលដឹកនាំដោយ សហគ្រិនវ័យក្មេង របស់យើង ទៅមើលភាពរីកចំរើន នៅក្នុងប្រទេសអូស្រ្ដាលី ដើម្បីយកគំនិតល្អៗ មកអភិវឌ្ឍន៍មកក្រុមហ៊ុន និងប្រទេសជាតិ»។
លោកបន្ដទៀតថា «ខ្ញុំសង្ឃឹមថាទស្សនកិច្ចនេះ នឹងទទួលបានភាពជោគជ័យយ៉ាងធំធេង ហើយនឹងនាំយកភាពរីកចំរើន ដល់ប្រទេសទាំងពីរទាំងកម្ពុជា និងអូស្រ្ដាលី។ ខ្ញុំពិតជាមានមោទនភាព ដែលយើងបានយកប្រទេសកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម ទៅប្រាប់ដល់ឆាកអន្ដរជាតិ លើសក្ដានុពលនៃប្រទេសជាតិយើង»។
លោកបានឲ្យដឹងទៀតថា នេះជាលើកទី១ សម្រាប់ប្រទេសអូស្រ្ដាលី ព្រោះការធ្វើទស្សនកិច្ចនេះ គឺយើងបានទៅច្រើនប្រទេសហើយ រួមមានដូចជាម៉ាឡេស៊ី ជប៉ុន សហគមន៍អ៊ឺរ៉ុប និងប្រទេសផ្សេងៗ ជាច្រើនទៀត ហើយការធ្វើដំណើរលើកនេះ គឺមានរយៈពេលពេញ១សប្ដាហ៍ និងធ្វើទស្សនកិច្ច ក្នុងរដ្ឋសំខាន់ៗចំនួន៣ដូចជា ម៉ែលប៊ន ស៊ីដនី និងទីក្រុងកង់បេរ៉ា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ដោយមានពាណិជ្ជករវ័យក្មេង កម្ពុជាជាច្រើន រហូតដល់បច្ចុប្បន្នមានប្រហែលជា២០០ ក្រុមហ៊ុន ដែលសុទ្ធសឹងតែ ជាម្ចាស់អាជីវកម្ម៕