(ភ្នំពេញ)៖ ដោយមើលឃើញថា នៅក្នុងប្រទេសកម្ពុជា ពុំទាន់មានក្រុមហ៊ុន ឬស្ថាប័នណាមួយ បង្កើតឡើងដើម្បីទប់ស្កាត់ ការវាយលុកបំផ្លាញឯកសារ «Hacker» លើទិន្នន័យ ក្នុងក្រុមហ៊ុននានានោះ ក្រុមហ៊ុន KH Niron បានចាប់ដែគូជាមួយក្រុមហ៊ុន Lantium មកសឹង្ហបុរី នាំចូលនូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ការពារ Hacker (Anti-Cyber Crime or Anti Hacker System) ដំបូងបំផុតនៅកម្ពុជា ដើម្បីជាគោលដៅដ៏ចំបង ក្នុងការការពារ ឬទប់ស្កាត់ហានិភ័យទៅលើការវាយលុយ បំផ្លាញឯកសារក្នុងក្រុមហ៊ុននានា ជាពិសេសវិស័យធនាគារ និងប្រព័ន្ធគ្រប់គ្រងផ្សេងៗ ជាច្រើនទៀត។
កិច្ចសហការលើកដំបូង ពុំធ្លាប់មាននាំចូលមកកម្ពុជា នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបការពារ Hacker (Anti-Cyber Crime or Anti Hacker System) នៅពេលនេះ ដោយសារតែក្រុម KH Niron បានមើលឃើញថា នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនជាច្រើនកំពុងតែ រីកលូតលាស់ជាលំដាប់ ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេស ក៏កំពុងតែបោះ ជំហានទៅមុខឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែក្រុមហ៊ុនទាំងនោះ ហាក់នៅមិនទាន់បានគិតដល់ នូវប្រព័ន្ធការពារឯកសារ ឬទិន្នន័យសំខាន់ៗរបស់ក្រុមហ៊ុននោះទេ ហើយអាចប្រឈមមុខ នឹងការបាត់បង់យ៉ាងធ្ងន់ធ្ងរ នៅពេលណាមួយ ប្រសិនបើមានក្រុម Hacker វាយលុក ដើម្បីបំផ្លាញចោល។
ចំណុចនេះហើយ ធ្វើឲ្យក្រុមហ៊ុន KH Niron បានចាប់ដៃគូជាប្រវត្តិសាស្រ្តលើកដំបូង ជាមួយក្រុមហ៊ុន Lantium ដែលមានបទពិសោធន៍លើវិស័យនេះ ប្រមាណជាង២០ឆ្នាំ នៅសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសសឹង្ហបុរី នាំចូលនូវប្រព័ន្ធនូវបច្ចេកវិទ្យា ទំនើបការពារ Hacker (Anti-Cyber Crime or Anti Hacker System) មកបំពេញនូវសេចក្ដីត្រូវការ ជាពិសេសក្នុងប្រព័ន្ធអាយធី (IT) ក្នុងប្រទេសកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ។
លោកឧកញ៉ា ជា លាងហុង អគ្គនាយកក្រុមហ៊ុន KH Niron Investment CO.,LTD បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ដោយសារតែរូបលោកមើលឃើញថា ប្រព័ន្ធបច្ចេកវិទ្យាទំនើបការពារ Hacker (Anti-Cyber Crime or Anti Hacker System) មានសារសំខាន់ និងពុំទាន់មាននៅក្នុងប្រទេសយើង ហើយក្រុមហ៊ុនតែងតែចង់ ធ្វើការវិនិយោគអ្វីដែលថ្មី សម្រាប់កម្ពុជា ទើបក្រុមហ៊ុនសម្រេចចិត្តចាប់ដៃគូ ជាមួយក្រុមហ៊ុន Lantium មកពីប្រទេសសឹង្ហបុរី ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជន តាមបណ្ដាក្រុមហ៊ុននានា ជាពិសេសគឺវិស័យធនាគារ ថែរក្សាទុកនូវ ឯកសារឲ្យបានល្អ នៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ាវ័យក្មេង មានចិត្តសប្បុរសរូបនេះ បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីសហការជាមួយក្រុមហ៊ុន Lantium នេះរួចហើយ នៅក្នុងប្រទេសកម្ពុជា នឹងបង្កើតក្រុមហ៊ុនមួយទៀត នៅក្នុងពេល អនាគតដ៏ខ្លី បម្រើដល់វិស័យនេះតែម្ដង។ ទោះបីជាប្រទេសកម្ពុជា នៅមិនទាន់មានក្រុម Hacker វាយលុកបំផ្លាញឯកសារ តាមបណ្ដាក្រុមហ៊ុននានា ច្រើនយ៉ាងណាក្ដី ប៉ុន្តែនៅថ្ងៃអនាគត នឹងកើតមានជាក់ជាពុំខាន ដូច្នេះយើងត្រូវមានបណ្ដាញ ឬកញ្ចប់បច្ចេកវិទ្យាមួយ ដើម្បីទប់ស្កាត់ជាមុន ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារ ដែលយើងរក្សាទុក រាប់ឆ្នាំមកហើយនោះ។
ដោយឡែក លោក Jeff Middleton នាយកប្រតិបត្តិក្រុមហ៊ុន Lantium ប្រចាំនៅក្នុងប្រទេសសឹង្ហបុរី បានថ្លែងថា មូលហេតុដែលលោកសម្រេចចិត្ត មកសហការជាមួយ ក្រុមហ៊ុន KH Niron នៅពេលនេះ ដោយសារតែលោកមើលឃើញ ពីចរន្តប្រតិបត្តិការរបស់ក្រុមហ៊ុន មានលក្ខណៈល្អប្រសើរ មានវិជ្ជាជីវៈ ហើយការវិនិយោគប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ នៅកម្ពុជា ព្រោះតែលោកយល់ឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ឆាប់រហ័ស មានសេដ្ឋកិច្ចរឹងមាំ មានស្ថេរភាពនយោបាយល្អ ជាពិសេសប្រជាជននៅទីនេះ អាចនិយាយភាសាអង់គ្លេស បានច្រើន។
លោកបន្តថា អ្វីដែលលោកគិតថា នឹងទទួលបានជោគជ័យ ព្រោះតែនេះជាពេលវេលាដ៏ត្រឹមត្រូវមួយ ក្នុងការមកបណ្ដាក់ទុន ដើម្បីវិនិយោគវិស័យនេះ (Anti-Cyber Crime or Anti Hacker System)នៅកម្ពុជា ក្នុងន័យការពារហានិភ័យ គ្រប់បែបយ៉ាងក្នុងបណ្ដាញប្រព័ន្ធកុំព្យូទ័រ ដែលគ្រប់គ្រងទិន្នន័យ របស់ក្រុមហ៊ុននានា ទាំងស្ថាប័នឯកជន, រដ្ឋ,សាលារៀន និងស្ថាប័នផ្សេងៗទៀត ខណៈដែលនៅក្នុងពិភពលោក គេកំពុងតែព្រួយបារម្ភខ្លាំង ចំពោះការចូលបំផ្លាញទិន្នន័យនេះ។
សូមបញ្ជាក់ថា កិច្ចសហការវិនិយោគ នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបការពារ Hacker (Anti-Cyber Crime or Anti Hacker System) រវាងក្រុម KH Niron Investment CO.,LTD និងក្រុមហ៊ុន Lantium នៅពេលនេះ គឺនឹងអាចមានទំហំទឹកប្រាក់ ប្រមាណជិត៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមក្ដីរំពឹងខ្ពស់ថា នឹងទទួលបានជោគជ័យ ក្នុងពេលអនាគតដ៏ខ្លី៕