(ភ្នំពេញ)៖ មេបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានសម្ដែងការកោតសរសើរ និងគោរពនូវស្មារតី ឆន្ទៈរបស់ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ដែលបានដកហូត អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ គំរូថ្មីមួយចំនួន បន្ទាប់ពីមានការសង្ស័យ មានភាពមិនប្រក្រតី នៅក្នុងការចេញ អត្តសញ្ញាណបណ្ណទាំងនេះ។
ការថ្លែងកោតសរសើរនេះ បានធ្វើឡើងបន្ទាប់ពី លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានសម្រេចដកហូតអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ គំរូថ្មីចំនួន ៤៩សន្លឹក ដែលមានការសង្ស័យថា មានភាពមិនប្រក្រតី នៅក្នុងការចេញបណ្ណ សម្គាល់ជាពលរដ្ឋខ្មែរទាំងអស់នោះ។ សន្លឹកអត្តសញ្ញាណបណ្ណដកហូត គឺត្រូវបានគេចេញឲ្យ ពលរដ្ឋវៀតណាម ដែលគេនៅមិនទាន់ដឹងថា ពួកគេមានទទួលបាន សញ្ជាតិខ្មែរស្របតាមច្បាប់ ឬយ៉ាងណានោះ?
លោក សួន សេរីរដ្ឋា បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោក នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ថា «ខ្ញុំសូមសំដែងការសរសើរ និង គោរពនូវស្មារតី និងឆន្ទៈ របស់លោកអធិការ ស្រុកកោះធំ ខេត្តកណ្តាល ដែលធ្វើការដកហូតប្រមូលឃាត់ទុក អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ពីក្រុមជនសង្ស័យ ដែលសង្ស័យថា មិនមែនជាជនជាតិខ្មែរតាមច្បាប់ ហើយបើកការស៊ើបអង្កេត ដើម្បីការពារច្បាប់សញ្ជាតិ និងច្បាប់រដ្ឋធម្មនុញ្ញខ្មែរ»។
ជាមួយគ្នានោះ លោកប្រធានគណបក្សអំណាចខ្មែរ បានជំរុញឲ្យអធិការ គ្រប់ស្រុក ក្រុង ខណ្ឌ យកគំរូតាមលោកអធិការស្រុកកោះធំ ដើម្បីប្រយោជន៍ជាតិ ប្រយោជន៍របស់ខ្មែរ និងការពារអធិបតេយ្យភាព បូរណភាពទឹកដីខ្មែរ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ដែលជាស្រុកមួយជាប់ និងព្រំប្រទល់ជាមួយប្រទេសវៀតណាមនោះ បានបញ្ជាក់តាមទំព័រ Facebook នាព្រឹកថ្ងៃទី០៧ ខែកញ្ញាថា លោកសម្រេចដកហូតអត្តសញ្ញាណបណ្ណ ដែលសង្ស័យមានភាព មិនប្រក្រតីមួយចំនួនមកពិនិត្យ ហើយលោកនឹងចែកជូនវិញ ប្រសិនបើពិនិត្យឃើញថាត្រឹមត្រូវនោះ។
លោកអធិការបានបញ្ជាក់ថា «មិនអាចធ្វើមិនដឹងមិនឮបានទេ! មិនអាចបន្តខុសជាមួយអស់លោក-លោកស្រីទេ! ខ្ញុំនឹងប្រើសិទ្ធិក្នុងនាមជាអធិការ ដកទុកជាបណ្តោះអាសន្ន រហូតការត្រួតពិនិត្យ និងស្រាវជ្រាវចប់ជាស្ថាពរ។ ឆ្លៀតឱកាសនេះផងដែរ ខ្ញុំសុំការអធ្យាស្រ័យ និងសុំទោសបងប្អូនដែលមានឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរគំរូថ្មីនេះ ចំពោះការយឺតយ៉ាវក្នុងការផ្តល់វា ជូនបងប្អូនដើម្បីយកទៅប្រើប្រាស់។ ខ្ញុំនឹងជំរុញពន្លឿនការអង្កេត ហើយផ្តល់ជូនបងប្អូន នៅពេលលទ្ធផលបញ្ជាក់ថា បងប្អូនជាជនជាតិខ្មែរ១០០%»៕