(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន $១៨,០៦០ (មួយម៉ឺនប្រាំបីពាន់ហុកសិបដុល្លារអាមេរិក) ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ជូនអង្គការ លើកស្ទួយប្រជាពលរដ្ឋ ដើម្បីទិញ តុ និង កៅអីចំនួន ៣១៨ឈុត ជូនសិស្ស និងគ្រូ សម្រាប់បំពាក់នៅអគារសិក្សាថ្មីមួយ ខ្នងកម្ពស់ ៦ជាន់ ដែលមានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ ២២៤MC ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ និងក្នុងនាមជាបុគ្គលិក គ្រូ សិស្ស និងអាណាព្យាបាលសិស្ស នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលយកចិត្តទុកដាក់គិតគូរ និងលើកទឹកចិត្ត ជាច្រើនលើកច្រើនសារ ពិសេសជំរុញក្មួយៗកុមារ ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជា ធនធានមនុស្ស ដ៏សំខាន់របស់ប្រទេសជាតិ នាពេលអនាគត។
លោកស្រី បានបន្តថា ទាំងនេះគឺជាគុណបំណាច់ដ៏ធំធេងបំផុត ដែលសិស្ស គ្រូ និងអាណាព្យាបាលសិស្ស បានទទួលពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាក់ស្តែង អគារសិក្សាថ្មីនេះ អាចសាងសង់លេចជា រូបរាងឡើង ដោយសារថវិកាឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៥ម៉ឺនដុល្លារ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ និងសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅបានឧបត្ថម្ភ ឡាន Bus ៤៥កៅអី ១គ្រឿង និងឡានវ៉ែន ១២កៅអី ១គ្រឿងផងដែរ។ ដោយឡែកនៅឆ្នាំ ២០១៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ទិញ សំលៀកបំពាក់សិស្សចំនួន ១៣០០កំប្លេ ទៀតផង។
សូមបញ្ជាក់ថា អង្គការលើកស្ទួយប្រជាពលរដ្ឋ ទីតាំងបីកន្លែងស្ថិតនៅ បុរីកីឡា បុរីសមភាព២ និងទីតាំងស្ទឹងមានជ័យ នេះ ដែលមានសិស្សសរុបចំនួន ១៤០០ នាក់ សុទ្ធសឹងជាកុមាររើសអេតចាយ និងកុមារក្រីក្រ។ អង្គការនេះ បានប្រើប្រាស់កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្រៀនសិស្ស ពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី ៧ ជាភាសាខ្មែរ ភាសាអង់គ្លេស និងជំនាញផ្សេងៗ៕