(ម៉ូរ៉ូកូ)៖ ប្រទេសម៉ូរ៉ូកូ បានចុះកិច្ចព្រមព្រៀងជាផ្លូវការ លើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ (TAC) របស់សមាគមន៍អាស៊ាន ក្នុងនាមជាប្រទេសអាហ្វ្រិក និង អារ៉ាប់ ដំបូងបង្អស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។
សារព័ត៌មានក្នុងស្រុក Le Matin បានឲ្យដឹងថា អ្នកតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រទេសម៉ូរ៉ូកូលោក Nasser Bourita បានចុះហត្ថលេខាលើ សន្ធិសញ្ញាមិត្តភាពនិង សហប្រតិបត្តិការអាស៊ាន ក្នុងឱកាសជំនួបក្រៅផ្លូវការនៃ កិច្ចប្រជុំអាស៊ានលើកទី ២៨-២៩ ដែលប្រារព្ធឡើងនៅ រដ្ឋធានីវៀងច័ន្ទ នៃប្រទេសឡាវចាប់ពី ថ្ងៃទី០៦ដល់ថ្ងៃ០៨ ខែកញ្ញានេះ។ ការចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញានេះ គឺស្ថិតនៅ ក្នុងគោលការណ៍ នៃចក្ខុវិស័យរបស់ប្រទេសម៉ូរ៉ូកូ សំដៅធ្វើឲ្យមានភាពចម្រុះក្នុងដៃគូរ សហការរបស់ខ្លួនគ្រប់កម្រិតជាមួយនឹងអាស៊ាន។
លោក Bourita បានឲ្យដឹងទៀតថា នៅប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសម៉ូរ៉ូកូបានអនុវត្តន៍ វិធានការជាច្រើន ដើម្បីធ្វើការបើកចំហរដល់ តំបន់សេដ្ឋកិច្ចនិងនយោបាយថ្មី ថែមទាំងពង្រឹងភាពជាដៃគូ យុទ្ធសាស្រ្ត ដែលជា កូនសោសំខាន់នៃ គោលនយោបាយបរទេសរបស់ម៉ូរ៉ូកូ។ គួរបញ្ជាក់ដែរថា ប្រទេសម៉ូរ៉ូកូ គឺជាប្រទេសអាហ្រ្វិក ភាគខាងជើងនិងក៏ជាប្រទេសអារ៉ាប់ដំបូងគេ ដែលបានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញា មិត្តភាពនិងសហប្រតិបត្តិការ របស់សមាគមន៍អាស៊ាន៕