(ពោធិ៍សាត់)៖ បុរសម្នាក់ដើរខំតួជាអាជ្ញាកណ្តាល ទៅឃាត់បងថ្លៃកំពុងឈ្លោះគ្នាជាមួយប្រពន្ធ ក៏ត្រូវបានបងថ្លៃយកអាវុធកែច្នៃ (កាំភ្លើងឆ្នុក) បាញ់គំរាមប្រពន្ធ ហើយផ្លាតចំសាច់ដុំដៃខាងស្តាំ របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយវត្តដីក្រហម ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលត្រូវជាបងថ្លៃ ហើយប្រើអំពើហិង្សាដោយចេតនា ឈ្មោះ ខាត់ រី អាយុ ៣៤ឆ្នាំ រីឯជនរងគ្រោះ ដែលត្រូវជាប្អូនថ្លៃ ឈ្មោះ ឃុត សំណាង អាយុ២៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យដែលត្រូវជាបងថ្លៃ បានទាស់ពាក្យទាស់សម្តីជាមួយប្រពន្ធ ភ្លាមនោះជងរងគ្រោះ ដែលត្រូវជាប្អូនថ្លៃបានមកឃាត់ តែជនសង្ស័យទៅយកអាវុធកែច្នៃ (កាំភ្លើងឆ្នុក) មកបាញ់គំរាមប្រពន្ធ ក៏ផ្លាតចំសាច់ដុំដៃខាងស្តាំជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់តែម្តង។
ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ហើយកម្លាំងជំនាញបានបន្តស្រាវជ្រាវ ដើម្បីនាំខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕