(ពោធិ៍សាត់)៖ ជាងធ្វើផ្ទះម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់យ៉ាង អាណោចអាធ័មក្នុងអង្រឹង បន្ទាប់ពីបានផឹកស្រាស្រវឹង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ សង្ស័យត្រូវខ្យល់គទើប បានដេកស្លាប់ដូច្នេះ។ ករណីនេះ កើតឡើងកំឡុងពេលបុរសរូបនេះ បានទៅជួយសាងសង់ផ្ទះឲ្យបងថ្លៃ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហម នុន អាយុ៣៦ឆ្នាំ មុខរបរជាងធ្វើផ្ទះ បច្ចុប្បន្នរស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានសម្រាកពី ការងារសាងសង់ផ្ទះឲ្យបងថ្លៃ ឈ្មោះ ហោ រដ្ឋា ជានាយកសាលាអនុវិទ្យាល័យថ្មដា ហើយបានផឹកស្រាស្រវឹង ហើយក៏ទៅដេកក្នុងអង្រឹង ស្រាប់តែវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក៏មានប្រជាពលរដ្ឋបានរាយការណ៍ ជូនសមត្ថកិច្ច បានប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ក្នុងអង្រឹង។
លោកអធិការបានបន្តទៀតថា ក្រោយពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក ឃើញថាជនរងគ្រោះ មិនមែនស្លាប់ដោយសារអំពើឃាតកម្មនោះទេ ពោលអាចបណ្តាលមកពី ខ្យល់គស្លាប់តែម្តង។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូន សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕