(ភ្នំពេញ)៖ តមតាមការអញ្ជើញរបស់នាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃព្រះរាជាណាចក្រថៃ គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក លី វ៉ាន់ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងសមាជិកប្រតិភូចំណុះអគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរួម Joint Technical Committee (JTC) ថៃ-កម្ពុជា នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ។
ខ្លឹមសារនៃកិច្ចប្រជុំបានផ្តោតទៅលើកិច្ចសហប្រតិបត្តិការពង្រឹងទំនាក់ទំនង អោយកាន់តែជិតស្និតលើវិស័យព័ត៌មាន ដែលរួមមាន៖ ការបន្តកិច្ចសហការផ្លាស់ប្តូរ ព័ត៌មានរវាងទូរទស្សន៍ NTT និងTVK និងក្រុមផលិតកម្មវិធីបទយកការណ៍។ ដោយឡែកសំរាប់ចាក់ផ្សាយលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ជាតិប្រទេសទាំងពីរក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន បន្តកិច្ចសហការផ្លាស់ប្តូរព័ត៌មាន និងកំរងរូបភាពរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងវិទ្យុជាតិប្រទេសទាំងពីរ ពិសេសចំណាប់អារម្មណ៍ខ្លាំងផ្តោតទៅលើការផ្សាយវិទ្យុសំលេងមិត្តភាពកម្ពុជា ថៃ តាមខ្សែបន្ទាត់ព្រំដែនរួម ដែលបានអនុវត្តន៍កន្លងមករវាងវិទ្យុ FM ជាតិតាមាន់ 90Mhz និងវិទ្យុfmជាតិខេត្តសុរិន្ទរាជាណាចក្រថៃ 97.5Mhz។
សូមបញ្ជាក់ផងដែរថា ដោយមានការគាំទ្រពេញទំហឹងពីសំណាក់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រសួងបានសម្រេចបង្កើតក្រុមការងារ Twin Radio នេះបន្ថែមដើម្បីចូលរួម អនុវត្តន៍គាំទ្រកម្មវិធីនេះ ដោយមានសមាសភាពប្រធានស្ថានីយ៍វិទ្យុFMជាតិ ៩៦MHz រាជធានីភ្នំពេញ ទទួលបន្ទុកដឹកនាំសម្របសម្រួល និងប្រធានមន្ទីរព័ត៌មានខេត្តទាំង៩ជាប់ព្រំដែនកម្ពុជា ថៃជាសមាជិក ។
តាមគំរោងកិច្ចពិភាក្សាទ្វេភាគីនេះកិច្ចប្រជុំលើកទី១០របស់ JTC ភាគីកម្ពុជានឹងធ្វើជាម្ខាស់ផ្ទះនៅឆ្នាំ២០១៧ខាងមុខ៕