(ភ្នំពេញ)៖ ការជួបជុំនៅទីស្នាក់ការ គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៩ កញ្ញាខាងមុខនេះ នឹងមិនឱ្យផ្សារភ្ជាប់ទៅនឹងករណីកាត់ទោស លោក កឹម សុខា នៅតុលាការទេ។ នេះគឺជាបំរាមមួយ នៅក្នុងចំណោមបំរាមទាំង៤ របស់អាជ្ញាធររាជធានីភ្នំពេញ នៅក្នុងកិច្ចពិភាក្សារជាមួយតំណាងគណបក្សសង្រ្គោះជាតិ នៅរសៀល ថ្ងៃពុធនេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បានអះអាងប្រាប់ Fresh News នៅរសៀលថ្ងៃនេះ ក្រោយបញ្ចប់កិច្ចប្រជុំថា អាជ្ញាធរបានដាក់បំរាម៤ចំណុច ដល់គណបក្សសង្រ្គោះជាតិ ក្នុងការជួបជុំនៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ខាងមុខនេះ ដែលជាថ្ងៃជំនុំជម្រះក្តីកាត់ទោស លោក កឹម សុខា។ បំរាមទាំង៤នោះរួមមាន៖
ទី១៖ មិនឱ្យប្រើប្រាស់ចិញ្ចើមផ្លូវ ឬទ្រូងផ្លូវក្នុងការជួបជុំ
ទី២៖ គណបក្សសង្រ្គោះជាតិ ត្រូវធ្វើយ៉ាងម៉េចការពារសន្តិសុខនៅខាងក្នុងរបស់ខ្លួន ឯអាជ្ញាធរ នឹងជួយការពារខាងក្រៅ
ទី៣៖ ហាមមិនឱ្យសមាជិកគណបក្សសង្រ្គោះជាតិ ដែលទៅជួបជុំនោះ ប្រើប្រាស់ពាក្យសម្តីជេរប្រមាថ ដល់អាជ្ញាធរ រាជរដ្ឋាភិបាលឡើយ
ទី៤៖ គណបក្សសង្រ្គោះជាតិ មិនត្រូវផ្សារភ្ជាប់ជាដាច់ខាត នូវការប្រជុំនេះជាមួយនឹងការកាត់ទោសជំនុំជម្រះក្តី លោក កឹម សុខា។
លោក មាន ច័ន្ទយ៉ាដា និយាយថា ក្រោយពីបានភាក្សា គណបក្សសង្រ្គោះជាតិ បានយល់ព្រមអនុវត្តតាមបំរាមរបស់អាជ្ញាធរ ហើយអាជ្ញាធរក៏បានជំរុញឱ្យ គណបក្សសង្រ្គោះជាតិ គោរពតាមលទ្ធផលនៃកិច្ចពិភាក្សាផងដែរ។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ប្រកាសអំពីការជួបជុំមួយនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ ដោយមានសកម្មជនរបស់ខ្លួនឡើងមកពីបណ្តាខេត្តមួយចំនួន។ បក្សសង្រ្គោះជាតិ ក៏បានប្រកាសឱ្យសមាជិករបស់ខ្លួន ឃ្លាំមើលតាមដានឱ្យដិតដល់ទៅនឹងសវនាការកាត់ទោស លោក កឹម សុខា នៅពេល២ថ្ងៃខាងមុខនេះផងដែរ។
សវនាការកាត់ទោស លោក កឹម សុខា នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ គឺជាសំណុំរឿងមិនចូលខ្លួនរបស់ លោក កឹម សុខា ក្នុងនាមជាសាក្សីនៃរឿងក្តីសញ្ចារកម្ម ដែលពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោក ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ លោក កឹម សុខា ក៏ប្រឈមនឹងការជាប់ពន្ធនាគារ១ខែទៅ៦ខែផងដែរ បើតុលាការរកឃើញថា លោកមានទោស នៅក្នុងសំណុំរឿងមិនចូលខ្លួននេះ៕