(ភ្នំពេញ)៖ ខ្សែភាពយន្តខ្មែររឿង «ចន្រ្ទា» បានដាក់បញ្ចាំងជាផ្លូវការនៅកម្ពុជាហើយ ដោយបានបើកសន្និសីទព័ត៌មានដាក់បង្ហាញ នារសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,នាយកប្រតិបត្តិ នៃរោងភាពយន្ត Major Cineplex by Celcard ,ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា រួមនឹង លោក ឌៀប សុវណ្ណតារា ចាងហ្វាងផលិតកម្ម Red Picture ព្រមទាំងតារាល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនដួងចូលរួមផងដែរ។ ការបើកសន្និសីទសារព័ត៌មាន រឿង «ចន្រ្ទា» បានធ្វើឡើង ក្រោយពីខ្សែភាពយន្តខ្មែររឿងមួយនេះ ទទួលបានគាំទ្រខ្លាំង ពីទស្សនិជន នៅពេលដាក់បញ្ចាំង នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ។
លោក ប៉ុល វិបូ ហៅ នីត ចាងហ្វាងផលិតកម្មអង្គរ ភីកឈ័រ អ៉ីន (Angkor Picture) បានបញ្ជាក់ឲ្យដឹងថា ផលិតកម្ម អង្គរភីកឈ័រ បានផលិតរួចរាល់ជាស្ថាពរ នៅខ្សែភាពយន្តខ្នាតធំមួយទៀត គឺរឿង «ចន្រ្ទា» បន្ទាប់ពីរឿង «ស្បែកគង់» ទទួលបានជោគជ័យខ្លាំង ពេលដាក់បញ្ចាំង ដោយខ្សែភាពយន្តនេះ ត្រូវបានផលិតឡើងដោយ សម្រិតសម្រាំងអស់រយៈពេលមួយឆ្នាំ សម្រាប់ការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ ដើម្បីជាមោទនភាពនៃ សិល្បៈភាពយន្តខ្មែរ។
លោកបានបន្ថែមថា តាមរយៈខ្សែភាពយន្តនេះ ផលិតកម្មអង្គរ ភីកឈ័រ បានជ្រើសរើសទីតាំង ជាពិសេសៗ សម្រាប់ផ្សព្វផ្សាយ ទេសសភាពដ៏ល្អត្រកាលរបស់កម្ពុជា ដើម្បីជា ប្រយោជន៍ ទាក់ទាញទេសចរ លំដាប់អន្តរជាតិ តាមរយៈភាពយន្ត។ ខ្សែភាពយន្ត«ចន្រ្ទា» បានបញ្ចូលឈុតអប់រំ បុណ្យបាប កម្មពៀរមួយចំនួន ដើម្បីជាប្រយោជន៍ដល់សង្គម។
យ៉ាងណាក៏ដោយ ក្នុងនាម លោក ប៉ុល វិបូ ជាអ្នកដឹកនាំរឿងនេះ លោក ពិតជាមានសេចក្តីរំភើបរីករាយ ក្រោយពេលដឹងថា មានទស្សនិជនជាង២លាននាក់ បានទស្សនា Trailer តាម Facebook បង្ហាញការគាំទ្រខ្សែភាពយន្តថ្មីមួយនេះ។ លោក សន្យាថា នឹងបន្តផលិតខ្សែភាពយន្តមួយនេះ ដើម្បីខ្មែរយើងទាំងអស់គ្នា ហើយលោកក៏សុំ អរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ដែលបានគាំទ្ររឿងខ្មែរមួយ។
យ៉ាងណាមិញរឿង«ចន្ទ្រា» ត្រូវបានយកទៅបញ្ចាំងនៅក្នុងប្រទេសថៃ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរតែមិននឹកស្មានដល់ ធ្វើឲ្យផលិតករ និងតារាសម្ដែងទាំងអស់ក្នុងរឿងនេះ បានបង្ហាញមោទនភាព និងក្ដិត្រេកអរជាពន់ពេក ព្រោះតែភាពយន្តយន្តខ្មែរ អាចប្រកួតប្រជែងជាមួយភាពយន្តអន្តរជាតិបាន និងជាមុខមាត់ថ្មីមួយទៀត របស់កម្ពុជា លើឆាកអន្តរជាតិក្នុងវិស័យភាពយន្ត ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយ។
ខ្សែភាពយន្តខ្មែរ រឿង «ចន្រ្ទា» គ្រោងនឹងដាក់បញ្ចាំង ជាផ្លូវការនៅ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប៕