(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានអះអាងថាប្រទេសកូរ៉េខាងជើង មិនបានស្នើសុំជំនួយអ្វីទាំងអស់ ខណៈដែលខ្លួនកំពុងតែរងគ្រោះធ្ងន់ធ្ងរ ដោយបញ្ហាមហន្តរាយទឹកជំនន់ នៅតំបន់ភាគខាងជើងប្រទេស។ នេះបើតាមការផ្សាយដោយ សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅរសៀលថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។
សារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃមុននេះ បានបង្កជាទឹកជំនន់ និងធ្វើឲ្យមនុស្សស្លាប់ចំនួន ៦០នាក់ និង ២៥នាក់ទៀត បានបាត់ខ្លួន ក្នុងខេត្ត Hamyong នៅភាគខាងជើង ប្រទេស ជាប់នឹងព្រំប្រទល់ប្រទេសចិន។ ខណៈពេលនេះ រដ្ឋាភិបាលកូរ៉េខាងជើងកំពុង តែផ្តោតសំខាន់ លើការស្តារស្ថានភាពឡើងវិញនៅតាមតំបន់ ដែលទទួល រងការខូចខាតធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួម ជាតិកូរ៉េខាងត្បូង លោក Jeong Joon-hee បាននិយាយថាប្រទេស កូរ៉េខាងជើង កំពុងតែពិនិត្យមើលទំហំខូចខាត ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសខ្លួន ហើយមិនបាន ធ្វើការស្នើសុំជាផ្លូវការណាមួយ ឲ្យប្រទេសកូរ៉េខាងត្បូងផ្តល់ ជាជំនួយដូចបណ្តាឆ្នាំមុនៗឡើយ។
គួរបញ្ជាក់ដែរថា ប្រព័ន្ធព័ត៌មានក្នុងស្រុកនានា របស់កូរ៉េខាងជើង ដែលផ្សាយសម្រាប់តែពលរដ្ឋ កូរ៉េខាងជើងនោះ មិនបានរាយការណ៍ពី ទំហំខូចខាតដោយសារគ្រោះទឹកជំនន់នេះទេ ខណៈដែល សារព័ត៌មានរដ្ឋ KCNA ដែលផ្តោតសំខាន់លើអ្នកទស្សនា នៅក្រៅប្រទេស បានផ្សាយឲ្យដឹងពីព័ត៌មាន ទាំងស្រុង។ ប្រការនេះស្តែងឲ្យឃើញថា ទោះបីជាប្រទេសកូរ៉េខាងជើង មិនបានស្នើសុំជំនួយ ដោយត្រង់ៗក្តី ប៉ុន្តែប្រទេសនេះ ហាក់ដូចជាមានបំណងចង់ បានការជួយ ពីសំណាក់ប្រទេសខាងក្រៅ៕