(ភ្នំពេញ)៖ ប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន៣ម៉ឺនដុល្លារ តាមរូបភាពរៀបការក្លែងក្លាយទៅប្រទេសអូស្រ្តាលី ដោយលួងលោមនារីម្នាក់ថាបានប្តី នៅប្រទេសអូស្រ្តាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
ជាមួយគ្នានេះ ប្តីប្រពន្ធពីរនាក់នេះ នៅមានករណីនាំពលករខុសច្បាប់ ទៅប្រទេសកូរ៉េមួយករណីទៀត ដែលសំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការរបស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ និងស្ត្រីឈ្មោះ សុក ស័កធីតា អាយុ២៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកដោយមានស្ថានទម្ងន់ទោសជាក្រុម មានការចាត់តាំងធ្វើសកម្មភាពបង្កើតឲ្យ មានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ និងបទសមគំនិត» ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងខែសីហា ឆ្នាំ២០១៣ តាមមាត្រា៣៧៧ មាត្រា ៣៨០ និងមាត្រា៦១០នៃក្រមព្រហ្មទណ្ឌ៕