(សៀមរាប)៖ ប្រជាពលរដ្ឋជិត១ពាន់នាក់ និងនិស្សិតជាង៣០០នាក់ ដែលរស់នៅខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាលអប់រំ ពីក្រុមការងារសហគមន៍ របស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធការថែរក្សាការពារ និងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណី និងបរិស្ថាន ដើម្បីលើកកម្ពស់នូវតម្លៃសម្បត្តិបេតិកភណ្ឌជាតិ។
គម្រោងចុះបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោយពីអាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍ អប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សាលារៀន និងតាមបណ្តាសាកលវិទ្យាល័យនានា ក្នុងក្រុងខេត្តសៀមរាបទាំងមូល ដើម្បីឲ្យគ្រប់គ្នាបានយល់ ហើយរួមគ្នាជួយថែរក្សាការពារ និងអភិរក្សនូវសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។
តាមរបាយការណ៍ក្រុមការងារ សហគមន៍របស់អាជ្ញាធរជាតិអប្សរា ដែលចេញផ្សាយថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ បញ្ជាក់ថា ក្នុងខែសីហាកន្លងទៅនេះ ក្រុមការងារសហគមន៍បានចុះទៅផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីការចូលរួមថែរក្សាការពារ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ ជូនដល់ប្រជាពលរដ្ឋបានចំនួន១៤ភូមិ ដែលមានប្រជាពលរដ្ឋចូលរួម ៨៧៧នាក់ និងអប់រំតាមសាកលវិទ្យាល័យចំនួន៣ ដែលមាននិស្សិតចូលរួមសរុប ៣១៩នាក់។
ក្រៅពីការអប់រំពីបេតិកភណ្ឌ ក្រុមការងារសហគមន៍ ក៏បានចុះពិនិត្យ និងអនុញ្ញាតការសាងសង់ និងការជួសជុលសំណង់តូចៗ ដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ បានចំនួន៥៣កន្លែង ដែលនេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ដើម្បីជាការចូលរួមសម្រួលដល់ប្រជាពលរដ្ឋ មិនចាំបាច់ធ្វើដំណើរទៅដាក់ពាក្យស្នើសុំដល់ទីស្នាក់ការ។
ជាមួយគ្នានេះ ក្រុមការងារសហគមន៍ក៏បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយទ្រទ្រង់សុខុមាលភាព ដល់ស្រ្តីទើបសម្រាលកូនរួច ចំនួន១៧៣គ្រួសារ ដែលជាអំណោយរបស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី។ ក្រុមការងារបានចូលរួមដាំកូនឈើចំនួន៨,០០០ដើម លើផ្ទៃដី៨ហិកតា នៅស្រុកប្រាសាទបាគង៕