Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ីប្រកាសពីការឆ្លងវីរុស្ស Zika ដំបូងទៅលើស្ត្រីមានផ្ទៃពោះ

07-09-2016 16:13

(គូឡាឡាំពួរ)៖ អ្វីដែលជាការព្រួយបារម្ភបំផុតនោះ បានក្លាយជាការពិតហើយ គឺអាជ្ញាធរសុខាភិបាល ម៉ាឡេស៊ី បានប្រកាសពីការកើតមានវីរុស្ស Zika ជាលើកដំបូងទៅលើស្ត្រី មានផ្ទៃពោះម្នាក់ ខណៈដែល វីរុសប្រភេទនេះ ពុំទាន់មានថ្នាំ ណាអាចព្យាបាលនោះឡើយ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Subramaniam បានអំពាវនាវឲ្យប្រជាជន បង្កើនការប្រុងប្រយ័ត្ន កម្រិតខ្ពស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ត្រូវស្នាក់នៅកន្លែង ដែលមានសុវត្ថិភាពពីសត្វមូស។ ចំពោះវីរុស Zika នេះ ដំបូងបានឆ្លងពី ប្រជាជនម៉ាឡេស៊ី ដែលធ្វើដំណើរមកពីប្រទេសសិង្ហបុរី ហើយម៉ាឡេស៊ីពេលនេះ ក៏មានករណីឆ្លងជាច្រើនផងដែរ ប៉ុន្តែការឆ្លងទៅស្ត្រី មានផ្ទៃពោះបែបនេះ ទើបតែកើតមានឡើង ជាលើកដំបូងប៉ុណ្ណោះ។

គួររំលឹកថា ហ្ស៊ីកា គឺជាវីរុសមួយប្រភេទឆ្លង តាមរយៈមូសខំានិង មានរោគសញ្ញាដូចជាភ្នែកក្រហម កើតស្នាមកន្ទួលក្រហមតូចៗ នៅលើស្បែក ឈឺសន្លាក់ និង គ្រុនក្ដៅ ជាដើម ពោលគឺវាមានរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ។ មួយវិញទៀត វីរុសហ្ស៊ីកា មិនបង្កបញ្ហាគួរឱ្យកត់សម្គាល់ សម្រាប់មនុស្សពេញវ័យនោះទេ តែបើវាកើតឡើងលើស្រ្តីមានផ្ទៃពោះ អាចបណ្ដាលឱ្យទារកនៅក្នុង ផ្ទៃកើតមកមានក្បាល តូចខុសពីធម្មតា និង មានប្រាជ្ញាអន់ខ្សោយបំផុត៕