(ភ្នំពេញ)៖ បញ្ហាសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និង ប្រទេសមួយចំនួនជាសមាជិកអាស៊ាន ហាក់មិនបានក្លាយទៅបញ្ហាតានតឹងក្នុងកិច្ចប្រជុំរវាង ប្រមុខដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីចិននោះឡើយ ពួកគេបានឯកភាពគ្នាជំរុញឲ្យមានការអនុវត្តក្រមប្រតិបត្តិ DOC ឲ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកនូវសន្តិសុខ និងស្ថេរភាពលើលំហរសមុទ្រភាគខាងត្បូងប្រទេសចិន។
ប្រមុខដឹកនាំអាស៊ានទាំង ១០រូប រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លោក លី ខៃឈាង នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិនលើកទី២៥។
យោងតាមការចេញផ្សាយលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៧ ខែកញ្ញា បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន-ចិន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិនខាងត្បូង។
Facebook របស់សម្តេចតេជោ បានបន្តថា ក្នុងកិច្ចប្រជុំនោះមេដឹកនាំទាំងអស់ បានស្វាគមន៍ការអនុម័តសេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេស នៃប្រទេសអាស៊ាន និងចិន ស្តីពីការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាការអនុវត្តទាំងស្រុងនូវ (DOC) ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។
ក្រៅពីការកត់សម្គាល់ពីការរីកចម្រើន នៃការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (DOC) ហើយនោះ មេដឹកនាំអាស៊ាន-ចិន ក៏បានលើកទឹកចិត្តឲ្យបន្តរក្សាជំហាន នៃកិច្ចប្រជុំនេះដើម្បីឆ្ពោះទៅរកការបញ្ចប់ (COC) ឲ្យបានឆាប់ដោយផ្អែកលើកុងសង់ស៊ីស។
សូមបញ្ជាក់ថា DOC គឺជាសេចក្តីប្រកាសរួមមួយរបស់មេដឹកនាំអាស៊ាន-ចិន លើបញ្ហាជម្លោះក្នុងលំហសមុទ្រភាគខាងត្បូងសមុទ្រចិន ដែលបានតាក់តែងឡើង កាលពីឆ្នាំ២០០២ ក្នុងពេលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។ DOC គឺជាក្រមប្រតិបត្តិមួយ តាក់តែងឡើងកំណត់ឲ្យប្រទេស ដែលមានជម្លោះ ក្នុងលំហសមុទ្រចិនខាងត្បូង រួមមានប្រទេសចិន និងប្រទេសសមាជិកអាស៊ានមានដូចជា វៀតណាម ហ្វីលីពិន សិង្ហបុរី ព្រុយណេ ម៉ាឡេស៊ី...ដោះស្រាយគ្នា ដោយសន្តិវិធី និងគោរពតាមច្បាប់សមុទ្រអន្តរជាតិជាដើម។
បញ្ហាជម្លោះនៅលំហសមុទ្រចិនខាងត្បូង បានក្លាយទៅជាបញ្ហាដ៏ក្តៅគគុកមួយ កាលនៅក្នុងប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីខែមិថុនា កន្លងទៅ។ រហូតមានក្រសែភ្នែករបស់អន្តរជាតិមួយចំនួន បានព្យាយាមចោទប្រកាន់កម្ពុជាថា ជាអ្នកសាងភាពល្អកកករក្នុងអាស៊ាន ដោយសារតែភាពលំអៀង ទៅកាន់ប្រទេសចិនថែមទៀតផង។
តែទោះជាយ៉ាងណាកម្ពុជា តែងបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ឲ្យប្រទេសមានជម្លោះដោះស្រាយ ជាលក្ខណៈទ្វេភាគី កុំឲ្យមានការទាញភ្ជាប់ ជាមួយអាស៊ាន និងមិនចង់ឲ្យប្រទេសដទៃចូលពាក់ព័ន្ធ ដែលអាចធ្វើឲ្យបញ្ហាជម្លោះនៅលំហសមុទ្រចិនភាគត្បូង កាន់តែរីកធំនោះ៕