(កណ្តាល)៖ ក្រៅពីចូលរួមផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ នៅកម្ពុជា ស្ថាប័នឯកជនមួយចំនួន បានចូលរួមតាមរយៈ អង្គការសង្គមផងដែរ តាមរយៈការបរិច្ចាគធនធាន របស់ខ្លួនជួយដល់កុមារផ្ទាល់ ដូចជាផ្តល់អាហារូបករណ៍ ជួយឧបត្ថម្ភដល់គ្រូ ដែលមានការខ្វះខាតនៅតាមតំបន់ខ្លះ ជួយផ្តល់ជាសម្ភារឧបទ្ទេស ឬ ជួយក្នុងការកសាងផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម។
ថ្មីៗនេះ ធនាគារ RHB Group ប្រចាំប្រទេសកម្ពុជា ដែលសាខាធនាគារដ៏ធំមួយ នៅប្រទេសម៉ាឡេស៊ី បានសហការជាមួយអង្គការ អេដ អេដ អាក់ស្យុង សាងសង់ និង ដាក់ឱ្យដំណើរការសាលាមត្តេយ្យ សហគមន៍មួយសម្រាប់ កុមារតូចៗ នៅក្នុងសហគមន៍ព្រែកខ្មែរ ស្រុកស្អាង ខេត្តកណ្តាល។ សមិទ្ធិផលនេះ មានសារៈសំខាន់ណាស់ ព្រោះវាជាថ្នាលសម្រាប់បណ្តុះបណ្តាល ទាំងផ្នែកចំណេះដឹង ឥរិយាបថ និងសុខភាពអនាម័យ ដល់កុមារតូចៗដែលមានអាយុចាប់ពី ៣ ទៅ៥ឆ្នាំឡើងទៅ។
កម្មវិធីសម្ពោធសាលា បានប្រព្រឹត្តទៅដោយមាន ការចូលរួមរបស់ តំណាងធានាគារ RHB Group ប្រចាំប្រទេសម៉ាឡេស៊ី ប្រធាន និងបុគ្គលិក ធនាគារ RHB Group ប្រចាំប្រទេសកម្ពុជា ប្រធាន និងបុគ្គលិកអង្គការ អេដ អេដ អាក់ស្យុង តំណាងអាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាជនមូលដ្ឋានជាពិសេស មាតា បិតា អាណាព្យាបាល និង កុមារា កុមារី ជាច្រើនអ្នកទៀត។
លោក ញឹម ឌីន អភិបាល នៃគណៈអភិបាលស្រុកស្អាង បានមានប្រសាសន៍ថា «កុមារតូចៗក្នុងសហគមន៍ព្រែកខ្មែរនេះ ពុំដែលបានចូលរៀននៅសាលាមត្តេយ្យឡើយ ហេតុដូច្នេះហើយបានជាធ្វើឲ្យ លទ្ធផលសិក្សារបស់ពួកគេ ពុំសូវបានល្អ ហើយខ្លះទៀតខ្លាចសាលារហូតដល់ មិនហានចូលសាលាទៀតផង»។ លោកបន្ថែមថា ដោយហេតុនេះហើយ លោកជឿជាក់ថាវត្តមាន សាលាមត្តេយ្យសហគមន៍នេះ អាចជួយដោះស្រាយនេះបាន។
លោក លឹម លូង សេង (Lim Loong Seng) ប្រធានធនាគារ RHB Group ប្រចាំប្រទេសកម្ពុជា បានលើកឡើងថានេះ គឺជាលើកទីមួយហើយ ដែលធនាគាររបស់លោក បានធ្វើការសហការ ជាមួយអង្គការ ក្នុងការសាងសង់សាលាមតេ្តយ្យ សម្រាប់កុមារតូចៗនៅតាមសហគមន៍ដូចនេះ។ លោកបានបន្តថា ធានាគាររបស់លោក នឹងធ្វើការឧបត្ថម្ភកម្មវិធី អាហារូបត្ថម្ភដល់ សាលាសម្រាប់រយៈពេល ៦ខែទៀត។ លើសពីនេះ លោកក៏នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយ អង្គការ អេដ អេ អាក់ស្យុង ដើម្បីធ្វើការសាងសង់សាលាមត្តេយ្យសហគមន៍នេះ នៅតាមតំបន់ជនបទ ដទៃទៀតក្នុងប្រទេសកម្ពុជា ផងដែរ។
ចំណែកឯតំណាងធនាគារ RHB Group ប្រចាំប្រទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ ក្នុងឱកាសនោះដែរ ថា «កុមារមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេស។ ដូច្នេះវាមានការចាំបាច់ណាស់ ក្នុងការជួយឲ្យពួកគេទទួលបាន ចំណេះដឹងដែលប្រកប ដោយគុណភាព ហើយធនាគាររបស់លោក នឹងធ្វើការប្តេជ្ញាចិត្តក្នុងការ ជួយអភិវឌ្ឍសហគមន៍ ក្នុងប្រទេសកម្ពុជាឲ្យ បានច្រើនតាមតែអាចធ្វើទៅបាន»។
បើតាមបទសម្ភាសន៍ មួយជាមួយនឹង កាសែតភ្នំពេញប៉ុស្តិ៍ កាលពីពេលកន្លងមក លោក លឹម លូង សេង ក៏បានបញ្ជាក់ប្រាប់ផងដែរថា ធនាគារ RHB Banking Group គឺជាអ្នកមានជំនឿដ៏មុតមាំ ចំពោះការទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះមុខសង្គម ហើយតែងបានចូលរួមយ៉ាង សកម្មនៅក្នុងគម្រោងសង្គម របស់សហគមន៍នានាជាច្រើន នៅកន្លែងដែលខ្លួនដំណើរការ។ នៅកម្ពុជា កន្លងមក ធនាគារ បានបង្កើតកម្មវិធីបង្ហាត់បង្រៀន បាល់ទាត់ដល់កុមារក្រីក្រ និងបានផ្តល់អំណោយជាបា្រក់ ដល់មូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (Indochina Starfish Foundation) ដែលជាមូលនិធិមួយ សម្រាប់ជួយអភិវឌ្ឈបាល់ទាត់កុមារ នៅកម្ពុជានោះ ផងដែរ។
លោកវន សំភាស់ ប្រធានអង្គការអេដ អេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា បានគួសបញ្ជាក់ថានេះ ជាមត្តេយ្យសហគមន៍ទី ២៣ហើយ ដែលអង្គការអេដ អាក់ ស្យុង បានដាក់ឲ្យដំណើរការ ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក វន សំភាស់ បានថ្លែងអំណរគុណ ដល់ធនាគារ និងដៃគូពាក់ព័ន្ធដទៃទៀត នៅក្នុងការធ្វើឲ្យសមិទ្ធផលនេះ លេចជារូបរាងឡើងក្នុងសហគមន៍កម្ពុជា ហើយសង្ឃឹមថានឹងមាន ការគាំទ្រជាបន្តទៀតពី ធនាគារ RHB Group និងពីស្ថាប័នឯកជនដទៃៗទៀត ដែលជាដៃគូមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍន៍ប្រទេស។
គួរបញ្ជាក់ថា ក្រៅពីមតេ្តយ្យសិក្សា អង្គការអេដ អេ អាក់ស្យុង បាននិងកំពុងជួយដល់ វិស័យអប់រំក្នុងស្រុកស្អាង ក្រោមគម្រោងមួយចំនួនទៀត ដែលរួមមានជាអាទិ៍៖ បណ្ណាល័យអេឡិកត្រូនិក នៅសាលាបឋមសិក្សា អនុវិទ្យាល័យហ៊ុន សែន ស្វាយរលំ នៅសាលាបឋមសិក្សាក្រាំងយ៉ូវ សាលាបឋមសិក្សាអណ្តែត និងសាលាបឋមសិក្សាហ៊ុន សែនភ្នំទំពែក។ ជាមួយគ្នានេះ អង្គការក៏បានកសាង មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមួយផងដែរ ដែលកំពុងតែចាប់ផ្តើមដំណើរការ ជាពិសេសគឺបណ្តុះបណ្តាលគ្រូមត្តេយ្យ៕