(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ការរឹតបន្តឹងចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាសំខាន់ និងជាកង្វល់របស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ការថ្លែងបែបរបស់នាយឧត្តមសេនីយ៍ ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែសីហា ឆ្នាំ២០១៦ របស់អនុគណៈកម្មការទី២ នៃគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នេះបើតាម Facebook របស់លោកនាយឧត្តមសេនីយ៍។
ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ បានផ្ដោតសំខាន់លើកគោលការណ៍ចំណុច៣ រួមមាន៖
ទី១-បន្តការអប់រំ ដាស់តឿន រំលឹក (អប់រំចំពោះអ្នក ធ្វើចរាចរណ៍ណា ដែលមានកំហុស តិចតួចដូចជា ករណីបត់ឆ្វេង បត់ស្តាំជាដើម និងមិនត្រូវរំខានពេល វេលាពួកគាត់យូរនាំឲ្យមានការ ថ្នាំងថ្នាក់) និងផាកពិន័យ
ទី២-មន្រ្តីនគរបាលអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្តូរឥរិយាបទ មកទល់ ម៉ោងនេះ មិនត្រូវឲ្យមានការទះគូទឡាន រឺក៏ទះក្បាល ឡានទៀតទេ អាហ្នឹងដាច់ខាតត្រូវតែកែឥរិយាបទហ្នឹងឲ្យបាន កែមិនបានដោះស្រាយតាមវិន័យ និងត្រូវប្តូរឥរិយាបទ ខឹងឆេវឆាវ ឲ្យមក ស្លូតបូត ទន់ភ្លន់ តែម៉ឺងម៉ាត់នឹងការងារ
ទី៣-ឃាត់ខ្លួនបញ្ជូនទៅតុលាការ ចំពោះអ្នកធ្វើចរាចរណ៍ណាដែលខុសធ្ងន់ធ្ងរ ដូចជាប្រឆាំងតបជាមួយសមត្ថកិច្ច ហៅអត់ឈប់ ផ្គើន តដៃ វ៉ៃ បំពានទៅសមត្ថកិច្ច ឬក៏ឡានដែលខុសធ្ងន់ដែល មិនអាច អត់ឱនឲ្យ បាន ដូចជាពាក់ស្លាកលេខក្លែងក្លាយ ដូចជា អ្នកបើកបរ គ្មានប័ណ្ណ បើកបរ ករណីនេះ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ។
ជាមួយគ្នានោះដែរ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា បញ្ហាប្រឈមនៅតែមានចំពោះគ្រោះថ្នាក់ចរាចរណ៍ដូចជា ការបើកបរលើស ល្បឿនកំណត់ ការមិនគោរពសិទ្ធិ ការបត់ ការជែង ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ការដឹកលើសចំណុះ ការមិនពាក់ មួក សុវត្ថិភាពជាដើម ហើយមុខសញ្ញាដែលទទួល រងគ្រោះ ភាគច្រើន អ្នកជិះម៉ូតូ អ្នកជិះរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកកម្មករ៕