(រតនគិរី)៖ ក្រុមការងារនៃផ្ទះវប្បធម៌រុស្សីប្រចាំរាជធានៅភ្នំពេញ តាមប្រពៃណីជារៀងរាល់ឆ្នាំ នៅមុនថ្ងៃបុណ្យធំៗ តែងរៀបចំកម្មវិធីសប្បុរសធម៌នៅតាមមណ្ឌលកុមារកំព្រា សាលារៀន មន្ទីរពេទ្យ និងភូមិ ដែលមានប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពរស់នៅ ជាក់ស្តែង នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ លោកស្រី Irina Tsatsulina នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ីប្រចាំរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនាំយកសម្ភារសិក្សា អាហារ នំចំណី កាតាប សៀវភៅជាច្រើនចុះប្រគល់ជូនភូមិកុមារ SOS ស្ថិតនៅភាគឦសាន នៃខេត្តរតនគិរី។
សូមបញ្ជាក់ថា ភូមិកុមារ SOS ដែលក្រុមការងារផ្ទះវប្បធម៌រុស្សី បានទៅដល់រួមបញ្ចូលគ្នានូវមុខងារទាំងមណ្ឌលកុមារកំព្រា និងសាលារៀន ហើយមានកុមាររួមសិស្សប្រហែល ១០០នាក់រស់នៅ និងសិក្សានៅទីនេះ ដែលមានអាយុចាប់ពី ៣ឆ្នាំ រហូតដល់សិស្សបានបញ្ចប់ថ្នាក់ទី១២។
លោក វ៉ា វល័ក្ខ នាយករងសាលានៅក្នុងភូមិកុមារ SOS បានឱ្យដឹងថាកុមារស្ទើរតែពាក់កណ្តាលជាតំណាងជនជាតិភាគតិច ដំបូងឡើយមានការពិបាកក្នុងការយល់ដឹង ព្រោះកុមារខ្លះចេះភាសា កុលសម្ព័ន្ធដើមរបស់ពួកគេ ប៉ុន្តែយើងទាំងអស់គ្នាព្យាយាមបង្រៀនគាត់រហូតដល់ពួកគាត់អាចទំនាក់ទំនងគ្នាបានល្អ។ ហើយសព្វថ្ងៃនេះ សិស្សបញ្ចប់ការសិក្សារបស់យើងមិនត្រឹមតែសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏មានចេញទៅសិក្សានៅក្រៅប្រទេសផងដែរ។
លោក វ៉ា វល័ក្ខ បានបន្ថែមថា កុមាររស់នៅក្នុងផ្ទះដែលមានគ្រូម្នាក់ និងកូនៗប្រាំបីនាក់ ហើយ ៨០%នៃសិស្សគឺជាកុមារកំព្រា មកពីគ្រួសារដែលមានប្រាក់ចំណូលទាបដែលមានឪពុកម្តាយលែងលះគ្នា។ សព្វថ្ងៃនេះសាលាមានការគាំទ្រពីអជ្ញាធរ និងអជីវករក្នុងស្រុក។
នាឱកាសនោះដែរលោកស្រី Irina Tsatsulina បានបង្ហាញក្តីសង្ឃឹមថា និស្សិតបញ្ចប់ការសិក្សានៅភូមិកុមារ SOS នឹងក្លាយជាអ្នកដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យរុស្ស៉ីនាពេលអនាគត។ យើងសូមអរគុណដល់ទីភ្នាក់ងារ Rossotrudnichestvo គ្រឹះស្ថានបោះពុម្ព Sipar និងបងប្អូនជនរួមជាតិដែលយកចិត្តទុកដាក់ ផ្តល់ជំនួយក្នុងការរៀបចំកម្មវិធីសប្បុរសធម៌ ហើយយើងសូមជូនពរមិត្តទាំងអស់ជួបតែសេចក្តីសុខ និងជោគជ័យក្នុងឆ្នាំថ្មី៕