(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយក្រុមការងារជាច្រើនរូប នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំអំណោយកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ១០០គ្រួសារ រស់នៅក្នុងស្រុកអន្លង់វែង។
អំណោយដែលចែកជូនរួមមាន ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ និងថវិកា២០,០០០រៀល។
ក្នុងឱកាសនោះដែរ លោក ស ថាវី បាននាំយកការ ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ នប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំង២ តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនគ្រប់ៗគ្នា។
លោកបន្តថា អំណោយដែលចែកជូននៅពេលនេះទោះបីតិចតួចក្តី តែវាអាចបំពេញនូវការខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានអំពាវនាវឲ្យ មន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ហើយបើបងប្អូនណាមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ សូមមកយកនៅប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ឬអធិការដ្ឋានស្រុក៕