(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា «បើមានការប៉ះពាល់ ដល់ដីលំនៅឋានបងប្អូន យើងនឹងដោះ ស្រាយជូនវិញ ដោយមិនឲ្យបាត់សូម្បីតែមួយម៉ែត្រ។ ធ្វើដូច្នេះ គឺដើម្បីឲ្យមានស្រុះស្រួលគ្នា ដើម្បីឈានទៅរកការអភិវឌ្ឍឲ្យបាន ឆាប់រហ័ស»។
លោក ប៉ា សុជាតិវង្ស បានអះអាងថា «បើអភិវឌ្ឍន៍ទៅប៉ះផលប្រយោជន៍ប្រជាជននោះ អាជ្ញាធរនឹងទូទាត់សំណងជូនប្រជាជនវិញ គ្រប់ចំនួន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភចំពោះបញ្ហាបឹងកក់នេះតទៅទៀត ដោយហេតុថា អាជ្ញាធររាជធានីភ្នំពេញ ចូលរួមអភិវឌ្ឍន៍នៅតំបន់បឹងកក់ត្រង់ចំណុចម្តុំវិហារឥស្លាម គឺដើម្បីឲ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកើតឡើង ដែលប្រជាជនជាអ្នកទទួល ផលប្រយោជន៍ពីការអភិវឌ្ឍន៍នេះ»។
លោក ប៉ា សុជាតិវង្ស បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ខណៈលោកចូលរួមបើកវេទិកាសាធារណៈជាមួយ ប្រជាពលរដ្ឋរស់នៅសហគមន៍បឹងកក់ និងពលរដ្ឋជនជាតិខ្មែរឥស្លាម ដើម្បីបង្ហាញពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់។ ជំនួបរវាងអាជ្ញាធរ ភ្នំពេញ និងអ្នករងផលប៉ះពាល់នៃគម្រោង គឺដើម្បីឲ្យការអភិវឌ្ឍប្រព្រឹត្តទៅដោយភាពស្រុះស្រួលគ្នា បន្ទាប់ពីគម្រោងត្រូវបានអនុវត្តន៍។ លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា តំបន់បឹងកក់ត្រង់ចំណុចម្តុំវិហារអ៊ីស្លាម និងភូមិ៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នឹងត្រូវអភិវឌ្ឍន៍ ឲ្យមានផ្លូវ ប្រព័ន្ធលូ ដាក់បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅតំបន់នោះ ប្រកប សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈត្រឹមត្រូវ។ លោកអភិបាល បានថ្លែងថា ការអភិវឌ្ឍន៍ផ្លូវ នឹងមានប៉ះដល់ដីលំនៅឋាន របស់ប្រជាពលរដ្ឋ និងមួយផ្នែកទៀត ប៉ះពាល់ដល់របងវិហារឥស្លាម។ ប្រជាពលរដ្ឋរស់នៅតំបន់នេះ បានឯកភាពចំពោះគម្រោងអភិវឌ្ឍន៍ ប៉ុន្តែសុំឲ្យអាជ្ញាធរភ្នំពេញ បង្ហាញគម្រោងប្លង់ ឬផែនការមេឲ្យបានច្បាស់លាស់ មុនពេលចូលធ្វើការអភិវឌ្ឍ។
ប្រជាពលរដ្ឋក្នុងគម្រោងអភិវឌ្ឍន៍ បារម្ភពីសំណង់លំនៅឋានរបស់ខ្លួន ដែលត្រូវវាយកម្ចីចោលដោយគ្មានសំណង ដូចការសន្យាដោះដូរ ដី។ ចំណែកក្រុមសាសនិកខ្មែរឥស្លាម ស្នើឲ្យការសាងសង់ផ្លូវឆ្ងាយពីវិហារ ឥស្លាមចម្ងាយ៥០ម៉ែត្រ ដើម្បីបញ្ចៀសការរំខាន ដល់ការ ប្រតិបត្តិសាសនារបស់ក្រុមខ្លួន។
លោកអភិបាល បានជំរុញឲ្យអ្នករងផលប៉ះពាល់បង្កើត គណៈកម្មការតំណាងពីចំនួន៥ទៅ៧នាក់ ដើម្បីចូលរួមជជែកដោះស្រាយបញ្ហា ជាមួយផ្នែកជំនាញរបស់សាលារាជធានីភ្នំពេញ។ លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា «ការអភិវឌ្ឍលើកនេះ មិនចង់ឲ្យមានបញ្ហា តានតឹងទៀតឡើយ ពិសេសមិនចង់ឲ្យមានការពាក់ព័ន្ធនឹងការងារនយោបាយ»។
រាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៧ បានជួលដីបឹងកក់ទំហំជាង១០០ហិកតា ឲ្យទៅក្រុមហ៊ុន ស៊ូកាគូអ៊ីន ធ្វើការវិនិយោគរយៈពេល៩៩ឆ្នាំ ក្រោមទុនជាង៧៩លានដុល្លារ ដើម្បីប្រែក្លាយទឹកដីដែលមានភាពកខ្វក់ និងអនាធិបតេយ្យតាំងពីយូរមកហើយនោះ ឲ្យទៅជាតំបន់ សេដ្ឋកិច្ច និងទេសចរណ៍ដ៏ទាក់ទាញក្នុងរាជធានីភ្នំពេញ។ តាមរយៈការអភិវឌ្ឍតំបន់នេះ បានធ្វើឲ្យប្រជាពលរដ្ឋរង ផលប៉ះពាល់ ជាង៤.០០០គ្រួសារ ក្នុងនោះជាង៣.០០០គ្រួសារ បានទទួលគោលនយោបាយដោះដូរលំនៅឋានទៅរស់នៅកន្លែងថ្មី ចំណែកជាង ១.០០០គ្រួសារទៀត ទទួលបានការអភិវឌ្ឍនៅនឹងកន្លែង ដោយទទួលបានការផ្តល់ដីសម្រាប់សង់លំនៅឋានពីអាជ្ញាធរ ក្នុង១គ្រួសារ ចាប់ទំហំ៤គុណ១៦ម៉ែត្រ ទៅ៦,៥ម៉ែត្រ គុណ២២ម៉ែត្រ៕