(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកត់សម្គាល់ថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនអាចធានាបាន តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងប្រឹងប្រែងក្នុងការរក្សាលំនឹងទីផ្សារកសិផល ជាពិសេសការកាត់បន្ថយថ្លៃដើមផលិត ដើម្បីឱ្យកសិករទទួលបានផលចំណេញខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតីបានមានប្រសាសន៍ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ជំរុញការផលិតឱ្យមានគុណភាពល្អ និងខិតខំរក្សាលំនឹងទីផ្សារកសិផល ជាពិសេសដំណាំយុទ្ធសាស្រ្ត។
សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា «ពិតណាស់ផលិតផលកសិកម្ម គឺឡើងចុះយើងពិបាកធានា ក្នុងមួយឆ្នាំៗជួលកាលឆ្នាំនេះ ស្រូវឡើងថ្លៃ ឆ្នាំក្រោយតាង៉ែនឡើងថ្លៃ ជួនកាលស្វាយចន្ទីឡើងថ្លៃ ជួនកាលកៅស៊ូឡើងថ្លៃ ជាទីផ្សារពិភពលោក ប៉ុន្តែអ្វីដែលជាវិញ្ញាសារនេះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ ខិតខំធ្វើយ៉ាងណា ដើម្បីធានាឱ្យបានអស់លទ្ធភាពនូវទីផ្សារ និងតម្លៃថេរមួយចំនួន ចំពោះផលិតផលយុទ្ធសាស្រ្តមួយចំនួន ដែលរាជរដ្ឋាភិបាលអាណិត្តទី៧នេះ យើងដាក់ចេញគោលនយោបាយ យើងដាក់ចេញនូវកញ្ចប់ថវិកា១០០លានដុល្លារ ដើម្បីត្រៀមអន្តរាគមន៍សម្រាប់កសិផល»។
សម្តេចធិបតីមានប្រសាសន៍ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនគិតតែលើអ្វីដែលកសិករដាំនោះទេ អ្វីដែលសំខាន់ គឺផលដែលកសិករទទួលបាន នោះគឺចំណូល និងផលចំណេញច្រើន ដូច្នេះហើយទាមទារឱ្យមាននូវបច្ចេកវិទ្យា ដើម្បីជួយកាត់បន្ថយនូវថ្លៃដើមផលិត និងបង្កើនទិន្នផលខ្ពស់។
ទន្ទឹមគ្នានេះ សម្តេចធិបតីលើកទឹកចិត្តនៅក្នុងការវិនិយោគបន្ថែមទៅលើការចិញ្ចឹមគោផលិតទឹកដោះគោ។ សម្តេចបានកោតសរសើរ និងថ្លែងអំណរគុណចំពោះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ និងកសិដ្ឋានចិញ្ចឹមគោផ្សេងទៀត ដែលបានចូលមកក្នុងទីផ្សារកម្ពុជា ដើម្បីជំរុញការផលិតទឹកដោះគោស្រស់សម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា និងរួមចំណែកធ្វើពិពិធកម្មនៃផលិតផលរបស់កម្ពុជា ដោយកាលពីមុនការចិញ្ចឹមគោនៅកម្ពុជា គឺដើម្បីកាប់សាច់ តែឥលូវប្រែក្លាយមកចិញ្ចឹមគោយកទឹកដោះ។
ជាងនេះទៅទៀតការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទាំង៤នៅកម្ពុជា ក៏បានចូលរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ ជាពិសេសកុមារនិងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់ នៃសុខភាពរាងកាយ និងប្រាជ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។
បើតាមការលើកឡើងរបស់សម្តេចធិបតី ក្នុងមួយឆ្នាំកម្ពុជាបាននាំចូលផលិតផលទាក់ទងទឹកដោះគោចំនួន ៩៨ពាន់តោនក្នុងមួយឆ្នាំ ដែលគិតជាថវិកាសរុប ៧៣៩លានដុល្លារ៕