(ភ្នំពេញ)៖ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ អាចនឹងធ្លាក់ទៅក្នុងសភាពអាក្រក់ ពិសេសនៅតំបន់ទីស្នាក់ការកណ្តាល គណបក្សប្រឆាំងចាក់អង្រែលើ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បើសិនជាគណបក្សប្រឆាំង នៅតែចចេសកេណ្ឌមនុស្សមកការពារលោក កឹម សុខា នៅថ្ងៃ០៩កញ្ញា ដែលជាថ្ងៃជម្រះក្តីរបស់លោក។
តាមលិខិតចំហរមួយ របស់គណបក្ស គណបក្សសង្គ្រោះជាតិ ផ្ញើរជូនអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថា គណបក្សប្រឆាំង នឹងរៀបចំពិធីសំណេះសំណាលនិងជួបជុំគ្នា រវាងថ្នាក់ដឹកនាំជាមួយរចនាសម្ព័ន្ធ និងមហាជន នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះមានសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ ក្រុមទ្រទ្រង់រាជធានី ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងគណៈកម្មាធិការ ប្រតិបត្តិរាជធានី ខណ្ឌ សង្កាត់ ភូមិ យុវជន ស្ត្រី និងប្រជាពលរដ្ឋ ជាច្រើនរយនាក់។
កម្មវិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលចំថ្ងៃតុលាការជម្រះក្តី លោកប្រធានស្តីទីបក្សនេះ។ អ្នកវិភាគស្ថានការណ៍សង្គម និងនយោបាយ កម្ពុជា មើលឃើញថា បើសិនជាថ្ងៃ០៩ខាងមុខនេះ បក្សប្រឆាំងកេណ្ឌសកម្មជន និងប្រជាពលរដ្ឋមកការពារលោក កឹម សុខា ឬតតាំងជាមួយចំណាត់ការ របស់តុលាការនោះ បាតុភាពអាក្រក់ៗមួយចំនួនអាចនឹងកើតឡើង។
ការរៀបចំពិធីសំណេះសំណាល និងជួបជុំក្នុងទ្រង់ទ្រាយធំនៅទីស្នាក់ការគណបក្សប្រឆាំងចំថ្ងៃ ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក កឹម សុខា ចូលខ្លួននៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះក្តី ពីបទបដិសេធក្នុងការចូលខ្លួនប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឱ្យផ្តន្ទាទោសតាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន មើលឃើញថា វាមិនមែនជារឿង ចៃដន្យនោះទេ ប៉ុន្តែជាគម្រោងទុច្ចរឹតមួយរបស់គណបក្សប្រឆាំង ដែលរៀបចំកេណ្ឌមនុស្សមកការពារលោកប្រធានស្តីទី កឹម សុខា ព្រោះខ្លាចសមត្ថកិច្ចអនុវត្ត និតិវិធីរបស់តុលាការ និងចាប់ខ្លួនលោក។
សូមជំរាបថា ការកេណ្ឌប្រមូលមនុស្សរបស់គណបក្សប្រឆាំងក្រោមលេស ហែរញត្តិទៅដាក់តាមស្ថានទូតប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅ បានបរាជ័យម្តងរួចមកហើយ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ ការដាក់ពង្រាយសមត្ថកិច្ចធ្វើការយាមកាម ហាមឃាត់ការកេណ្ឌ មនុស្សក្នុងទ្រង់ទ្រាយធំ ដែលអាចប្រឈម និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ឬអាចបង្កជាអំពើហឹង្សា ក្នុងឱកាសនៃការប្រមូលផ្តុំនោះ។
ទោះបីជាមានមតិមួយចំនួន បានបង្ហាញការស្តីបន្ទោសចំពោះចំណាត់ការ របស់សមត្ថកិច្ចដែលបិទផ្លូវ មុខស្នាក់ការគណបក្សប្រឆាំង ក្នុងពេលដែលបក្សប្រឆាំង កំពុងបង្កព្យុះភ្លៀងក្នុងសង្គមយ៉ាងណាក៏ដោយ ប៉ុន្តែជំហរអាជ្ញាធរមានសមត្ថកិច្ច គឺមិនអាចបណ្តោយឱ្យបក្សប្រឆាំង ធ្វើអ្វីតាមចិត្តនោះទេ។ អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែរក្សានូវសន្តិសុខ ស្ថិរភាព និងសណ្តាប់ ជូនប្រជាពលរដ្ឋ ជាពិសេសត្រូវតែការពារឱ្យបាននូវសុខសន្តិភាព ដែលពលរដ្ឋខ្មែរជាង១៥លានកំពុងតែរស់នៅ និងអាស្រ័យផល។
អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមនៅកម្ពុជា បានបង្ហាញការព្រួយបារម្ភស្របគ្នា ពីព្រឹត្តិការណ៍អាក្រក់ៗមួយចំនួនអាចនឹងកើតឡើង នាពេលខាងមុខ បើសិនណាជា លោក កឹម សុខា នៅតែមិនព្រមទទួលយកការពិត និងព្រមអនុវត្តទោសកំហុសរបស់ខ្លួន ហើយដឹកនាំមន្ត្រីបក្សប្រឆាំង អូសទាញប្រជាពលរដ្ឋ មកប្រទូស្តរាយជាមួយសមត្ថកិច្ច។ អ្នកវិភាគយល់ឃើញថា ការប្រមូលផ្តុំមនុស្សកកកុញ មកពីតាមបណ្តាខេត្តនានា មកស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ គឺចៀសមិនផុតពីជួបបញ្ហានោះទេ។ ស្នាក់ការបក្សប្រឆាំងតូចចង្អៀត មិនអាចផ្ទុកមនុស្សច្រើនបានទេ នឹងធ្វើឱ្យចរាចរណ៍នៅតំបន់នោះកកស្ទះ។
មួយវិញទៀត ការចចេសរឹសរូស តតាំងជាមួយសមត្ថកិច្ច អាចនឹងផ្ទុះឡើងនូវអំពើហឹង្សា ដែលអាចបណ្តាលឱ្យមានមនុស្សរងរបួស ស្លាប់បាត់បង់ជីវិត និងអាចប្រឈមនឹងការចាប់ខ្លួន ជាយថាហេតុក៏ថាបាន។ បើដល់ពេល ដែលសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់មែននោះ សូម្បីតែលោកប្រធានស្តីទី កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្ស ក៏មិនអាចគេចខ្លួនបានដែរ ចុះទម្រាំសកម្មជន និងប្រជាពលរដ្ឋ ដែលដើរតាមនយោបាយបោកបញ្ឆោត យកជីវិតពួកគាត់មកដោះដូរ នឹងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង ប្រាកដជាមិនអាចគេចរួចពីសំណាញ់ច្បាប់ឡើយ។ ប្រជាពលរដ្ឋស្លូតត្រង់ ដែលចូលរួមក្នុងសកម្មភាព ប្រមូលផ្តុំរបស់បក្សប្រឆាំង គឺប្រាកដជាគ្មានសុវត្ថិភាពទេ នៅកន្លែងចំរូងចំរាស់ ដែលអាចមានការប៉ះទង្គិចគ្នា។
អនិច្ចាវាសនា អ្នកដើរតាមបក្សប្រឆាំង បើមិនរងគ្រោះដោយសារគេបោក ក៏រងគ្រោះដោយសារគេហៅមកបាតុកម្ម ឬរងគ្រោះជាប់គុកដោយសារចាញ់ល្បួងបក្សប្រឆាំង នឹងអាចស្លាប់អត់អំពើ ដោយសារតែពាក្យថា អ្នកស្នេហាជាតិ ត្រូវតែហ៊ានលះបង់ ហើយទីបំផុតថ្នាក់ដឹកនាំបក្សប្រឆាំង បានត្រឹមតែពោលពាក្យថា សោកស្តាយប៉ុណ្ណោះ៕