(កណ្តាល)៖ គិតត្រឹមរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងាររបស់ក្រសួងរ៉ែ និងថាមពល ដឹកនាំផ្ទាល់ដោយើលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ បានចុះទៅបិទរណ្តៅដីចំនួន២ទីតាំង នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលខុសបទដ្ឋានបច្ចេកទេស។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ទីតាំងរណ្តៅដីទាំង២កន្លែងនោះរួមមានទី១ របស់ឈ្មោះ ហេង យូឌីន ត្រូវបានក្រុមការងារផ្អាកអាជីវកម្ម ដោយសារតែជីកខុសដែនអាជ្ញាប័ណ្ណ និងខុសបទដ្ឋានបច្ចេកទេស និងរណ្តៅទី២ របស់ កៅ លឹមស្រ៊ាង ត្រូវបានក្រុមការងារចុះផ្អាក អាជីវកម្មដោយសារតែដឹកខុសបទដ្ឋានបច្ចេកទេស។
មន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា សម្រាប់ការផ្អាកអាជីវកម្មខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេល១សប្តាហ៍ ដោយតម្រូវឲ្យម្ចាស់ការដ្ឋាននីមួយៗ កែតម្រូវ បានត្រឹមត្រូវឡើងវិញ។ បើតាមសេចក្តីរាយការណ៍ដដែល ក្រុមការងាររបស់ក្រសួងរ៉ែ សហការជាមួយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ កំពុងតែបន្តចុះត្រួតពិនិត្យតាមរណ្តៅដីផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការចុះបិទរណ្តៅដី នៅទឹកដីស្រុកកណ្តាលស្ទឹងខាងលើនេះ បានធ្វើឡើងដោយសារតែមានប្រជាពលរដ្ឋនៅតំបន់នោះ បានប្តឹងទៅអាជ្ញាធរថា រថយន្តដឹកដីរបស់ក្រុមឈ្មួញទាំងនេះ បានរំខានការស់នៅរបស់ពួកគាត់ជារៀងរាល់ថ្ងៃតែម្តង៕