(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធ ចុះបញ្ជីស្លាកលេខពិសេស តាមប្រព័ន្ធ Online ជាផ្លូវការ នៅចុងឆ្នាំ២០១៦នេះ ដើម្បីសម្រួលដល់មធ្យោបាយ របស់ប្រជាពលរដ្ឋ ដែលមានការមមាញឹក មិនអាចមកបំពេញបែបបទផ្ទាល់។
ការបញ្ជាក់ពីគម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន នៃវិស័យឯកជន ដើម្បីពិនិត្យមើលឡើងវិញ នូវសមិទ្ធិផលសម្រេចបានសំខាន់ៗ របស់ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន និងសកម្មភាពនានារបស់ក្រសួង។
កិច្ចពិភាក្សានៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ បានចេញសមិទ្ធិផលសម្រេចបានសំខាន់ៗ របស់ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន និងសកម្មរបស់ក្រសួង រួមមាន៖
ការធ្វើតេស្តសាកល្បងប្រព័ន្ធ ចុះបញ្ជីស្លាកលេខពិសេស តាមប្រព័ន្ធ Online និងប្រព័ន្ធផ្ញើសាររំឭក ឱ្យដឹងតាម Online អំពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ក្រៅពីនេះ ក៏មានការចុះបញ្ជីរថយន្ត និងទោចក្រយានយន្តតាម Online ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្តតាម Online និងប្រព័ន្ធចេញប័ណ្ណបើកបរតាម Online នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការ នៅចុងឆ្នាំ២០១៦នេះ ដើម្បីផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស និងមានតម្លាភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានធ្វើបច្ចុប្បន្នភាព អំពីវឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន ការស្តារឡើងវិញផ្លូវជាតិលេខ៥ ច្រកព្រំដែនថ្មីនៅស្ទឹងបត់ និងការធ្វើឱ្យប្រសើរឡើង ដល់ផ្លូវដែកភាគខាងជើងប្រទេស។
ក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន បានពិនិត្យមើលឡើងវិញនូវរបៀបវារៈ នាពេលកន្លងមក និងបានពិភាក្សាអំពីបញ្ហាប្រឈមនានាដូចជា៖ ការដឹកជញ្ជូនផលិតផលកសិកម្ម ពីព្រំដែនកម្ពុជាទៅកាន់ កំពង់ផែលែមចាបាង ក្នុងប្រទេសថៃ, ថ្លៃឈ្នួលលើកដាក់ទំនិញនៅកំពង់ផែបច្ចុប្បន្ន និងវិធីសាស្រ្តកាត់បន្ថយថ្លៃឈ្នួលទាំងនេះ ក្នុងតម្លៃប្រកួតផងដែរ៕