(ភ្នំពេញ)៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើការប្ដេជ្ញាចូលរួម ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ហើយបានសង្កត់ធ្ងន់ថា គ្រប់បណ្តាប្រភេទទ័ពទាំងអស់នឹងបន្តខិតខំ ថែរក្សាសន្តិភាពមួយនេះ ឲ្យបានស្ថិតស្ថេរជាដាច់ខាត។
ការប្ដេជ្ញាបែបនេះ ត្រូវបានធ្វើនៅពេលដែលនាយឧត្តមសេនីយ៍ ជួបសំណេះសំណាល សម្ដែងការគួរសម ជាមួយឧត្តមសេនីយ៍ទោ Park Dong Woo នាយកចារកិច្ចបរទេស នៃទីភ្នាក់ងារចារកិច្ចការពារជាតិកូរ៉េ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ឲ្យតែប្រទេសយើងមានសុខសន្តិភាព នោះនឹងនាំមកនូវការអភិវឌ្ឍ ដូចប្រទេសនានាលើសកលលោក ដែលមានសុខសន្តិភាពជាយូរលង់ណាស់មកហើយនោះ ជាក់ស្តែងប្រទេសកូរ៉េ មានការរីកចម្រីនជឿនលឿនណាស់លើគ្រប់វិស័យ»។
អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់វិនិយោគិន និងប្រជាជនកូរ៉េខាងត្បូង ដែលបានមកធ្វើការវិនិយោគ និងមកទេសចរណ៍នៅកម្ពុជាមានការកើនឡើងជាលំដាប់ នេះបញ្ជាក់ឲ្យឃើញថា កម្ពុជាមានសុខ សុវត្ថិភាព ពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន តាមរយៈ នាយកចារកិច្ចបរទេស នៃទីភ្នាក់ងារចារកិច្ចការពារជាតិកូរ៉េ បានផ្តាំផ្ញើរសាកសួរសុខទុក្ខនឹករលឹកដល់កងទ័ព រដ្ឋាភិបាលប្រទេសកូរ៉េ និងបានជូនពរឲ្យគណៈប្រតិភូ ដែលមកបំពេញទស្សនៈកិច្ចរយៈពេលបីថ្ងៃនេះ ឲ្យទទួលបានលទ្ធផលល្អ។
សូមបញ្ជាក់ថា ប្រទេសកូរ៉េជា ប្រទេសមួយមុនគេ ដែលជួយជ្រោមជ្រែងលើផ្នែកប្រឆាំងភាវរកម្មនៅកម្ពុជា កងទ័ពឆ័ត្រយោង៩១១ ផ្នែកលោតឆ័ត្រយោង ស្គូបា និងជួយឧបត្ថម្ភគាំទ្រ ដល់កងយោធពលខេមរភូមិន្ទ ជាច្រើនផ្នែកទៀត៕