(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ប្រទេសវៀតណាមកំពុងតែមានចិត្តច្រណែន និងបារម្ភ ដែលរដ្ឋាភិបាលកម្ពុជា មានភាពស្និទ្ធស្នាលជាមួយរដ្ឋាភិបាលថៃ តាំងពីសម្តេចតេជោ ហ៊ុន សែន កាន់តំណែងនាយករដ្ឋមន្រ្តីម្ល៉េះ។
លោកបញ្ជាក់ដូច្នេះថា៖ «អ្នកឯកឃើញសម្តេចអតីតនាយករដ្ឋមន្រ្តី មានទំនាក់ទំនងល្អជាមួយប្រទេសថៃ ជាមួយពួកអាវក្រហម អ្នកឯងបារម្ភភ្លាម អីចឹងកញ្ជ្រោកដើម្បីឱ្យកម្ពុជាទៅរកអ្នកឯងវិញ កម្ពុជាមានសិទ្ធិសម្រេច កម្ពុជាមានអធិបតេយ្យរបស់ខ្លួន កម្ពុជាប្រើប្រាស់ផ្កាចម្រុះពណ៌ នរណាក៏កម្ពុជាត្រូវដែរ ឱ្យតែមានគោលនយោបាយ និងទិសដៅរួមគ្នា»។
លោកបណ្ឌិត សុខ ទូច បានលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅនឹង អត្ថបទស្រាវជ្រាវមួយសរសេរ ដោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ប្រទេសវៀតណាម វាយប្រហារថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។
ទាក់ទឹងនឹងសកម្មភាពរបស់វៀតណាម មកលើប្រទេសកម្ពុជានេះ លោកបណ្ឌិតក៏បានមើលឃើញទៀតថា នយោបាយមួយទៀត គឺវៀតណាមខិតខំធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាចុះស្រុត ដើម្បីទាញយកវិនិយោគិនពីកម្ពុជា ហើយរឿងនេះវៀតណាមក៏ធ្លាប់ធ្វើហើយដែរ កាលពីឆ្នាំ១៩៩៧៕