Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឡាវ៖ មុនជំនួបរវាងមេដឹកនាំ ហ្វីលីពីន-ចិន ទីក្រុងម៉ានីល បានបញ្ចេញរូបភាព នាវាចិនល្បាតតាមដែនសមុទ្រចិនខាងត្បូង

07-09-2016 13:52

(វៀងច័ន្ទ)៖ ក្រសួងការពារជាតិហ្វីលីពីន បានបញ្ចេញរូបភាពមួយចំនួន បង្ហាញឲ្យឃើញពីសកម្មភាព នាវាល្បាតចិនធ្វើការចល័ត នៅក្នុងដែនវិវាទសមុទ្រចិនខាងត្បូង នៅប៉ុន្មានម៉ោងមុនការ បើកកិច្ចប្រជុំរវាង បណ្តាប្រទេសអាស៊ាន និងនាយករដ្ឋមន្រ្តីចិននៅឯ ប្រទេសឡាវ។ នេះបើតាមការចេញផ្សាយ នៅមុននេះ បន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។

មកដល់ពេលនេះ ពុំមានការបកស្រាយអំពី ការបង្ហាញរូបភាពដែលធ្វើឡើង ចំពេលបែបនេះទេ ប៉ុន្តែវាបានចេញ នៅពេលពីរថ្ងៃ បន្ទាប់ពីទីក្រុងមានីល បានបង្ហាញពីការព្រួយបារម្ភជាខ្លាំង លើការកើនឡើង នូវចំនួននាវាចិននៅជុំវិញផ្ទៃទឹក Scarborough Shoal និងបានទាមទារឲ្យ មានការបកស្រាយលើបញ្ហានេះ ពីឯកអគ្គរដ្ឋទូតចិន។ មន្រ្តីហ្វីលីពីនម្នាក់បានអះអាងថា ការបញ្ចេញរូបភាពរួមនិង ផែនទីបង្ហាញពី នាវាចិននៅដែនសមុទ្រចិនខាងត្បូងនេះ គឺជាការបញ្ជាដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ខ្លួន ដែលកំពុងចូលរួមកិច្ចប្រជុំ នៅវៀងច័ន្ទ ប្រទេសឡាវ។

រូបភាពចំនួន១០សន្លឹក ត្រូវបានផ្ញើតាមរយៈសារអ៊ីម៉ែល ទៅកាន់អ្នកកាសែតដែលកំពុងយកព័ត៌មាន ក្នុងកិច្ចប្រជុំអាស៊ាននៅវៀងច័ន្ទ ខណៈពេលដែលមេដឹកនាំប្រទេសអាស៊ានទាំងអស់ នឹងត្រូវចូលជួបជាមួយ នាយករដ្ឋមន្រ្តីចិន Li Keqiang នៅថ្ងៃពុធនេះ។ ប៉ុន្តែទោះជាបីយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេថា បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង នឹងត្រូវបានលើកយក មកពិភាក្សានៅក្នុងកិច្ចប្រជុំដែរឬក៏យ៉ាងណា។

គួរបញ្ជាក់ដែរថា បញ្ហាវិវាទនៅដែនសមុទ្រចិនខាងត្បូងរួមមាន ប្រទេសចិន តៃវ៉ាន់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ ដែលក្នុងនោះ ប្រទេសបួនចុងក្រោយ គឺជាសមាជិកអាស៊ាន៕