(រតនគិរី)៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មី និងបំពាក់ឋានន្តរស័ក្តិក្រោម ជូននគរបាលចំនួន៦០នាក់។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោកឧត្តសេនីយ៍ឯកប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកតំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ថង សាវុន អភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយ នាយរងនគរបាលចំណុះឲ្យស្នងការនគរបាលខេត្តរតនគិរីជាច្រើនរូប។
ក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ ប៉ុល សុគុណ អនុប្រធាននាយកដ្ឋានបុគ្គលិកបានអាន ព្រះរាជក្រិត្យ អនុក្រិត្យ សេចក្តីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិចំនួននា៦០នាក់ ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ត្រី០៥នាក់ ថ្នាក់វរសេនីយ៍ឯក០១នាក់ ថ្នាក់វរសេនីយ៍ទោ១៣នាក់ ថ្នាក់វរសេនីយ៍ត្រី៣៥នាក់ ថ្នាក់អនុសេនីយ៍ឯក០១នាក់ និងថ្នាក់អនុសេនីយ៍ទោ០៥នាក់ ហើយក្នុងនោះដែរប្រកាសតួនាទីស្នងការរង០២នាក់ នាយការិយាល័យ០៣នាក់ នាយរងការិយាល័យ១១នាក់ អធិការ១នាក់ និងអធិការរង៩នាក់។
ជាមួយគ្នានឹងការដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រីក្នុងពេលនេះដែរ លោក ផែន ឌីណាតំណាងឲ្យមន្ត្រីនគរបាល បានមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្តថា ទី១-ប្តេជ្ញា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ទី២-ប្តេជ្ញាគោរព និងអនុវត្តតាមគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ទី៣-ប្តេជ្ញារក្សាការពារឲ្យបាន ចំពោះបូរណភាពទឹកដីឲ្យបានគង់វង្ស ដោយមិនឲ្យមានការរំលោភបំពានពីសំណាក់បរទេសនោះឡើយ ទី៤-ប្តេជ្ញាអនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះច្បាប់អនុក្រិត្យ ប្រកាស សេចក្តីសម្រេច បទបញ្ជា របស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តឲ្យបានជាដាច់ខាត ទី៥-ប្តេជ្ញាគោរពចំពោះវិន័យរបស់កម្លាំងនគរបាលជាតិលេខ០០៦បបជ ឲ្យបានជាដាច់ខាត ទី៦-ប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុង ក្នុងអង្គភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធពាក់ព័ន្ធនានា និងទី៧-ប្តេជ្ញារក្សាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
លោក ថង សាវុន បានថ្លែងថា «តាងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត បានជម្រុញឲ្យមន្ត្រីដែលទើបតំឡើងស័ក្តិ និងមុខតំណែង គ្រប់លំដាប់ថ្នាក់ ត្រូវមានសាមគ្គីភាព គោរពឋានានុក្រម ពង្រឹងការ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ មកចុះឈ្មោះបោះឆ្នោតឃុំ សង្កាត់ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនគោលនយោបាយទាំង09ចំណុចរបស់រាជរដ្ឋាភិបាល ធ្វើការបម្រើជាតិ បម្រើប្រជាពលរដ្ឋ បំបាត់គ្រឿងញឿន ក្មេងទំនើង បង្ក្រាបចោរប្លន់ ចោរកម្មជាដើម»។
ថ្លែងក្នុងពិធីតំឡើងឋានន្តរស័ក្តិ និងផ្ទេរមុខតំណែងនេះដែរ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ នេត សាវឿន ដល់កម្លាំងនគរបាល នៃស្នងការរដ្ឋានខេត្តរតនគិរី។ លោកថា ការតំឡើងស័ក្តិ និងផ្ទេរតួនាទីក្នុងពេលនេះ ដោយសារតែការខិតខំធ្វើការងារក្នុងអង្គភាពកន្លងមក របស់អស់លោក ការឡើងផ្កាយ១នេះ ស័ក្តិប៉ុនស្នងការដែរ ប៉ុន្តែតាមឋានានុក្រមត្រូវគោរពការដឹកនាំ។
លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានបន្តទៀតថា កម្លាំងនគរបាលមានភារកិច្ចរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេសលោកស្នងការ ស្នងការរងទទួលអត្តសញ្ញាណកម្មត្រូវ តែធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់ទៅចុះឈ្មោះបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។
ឈ្លៀតឱកាសក្នុងពិធីតំឡើងឋានន្តរស័ក្តិ និងផ្ទេរភារកិច្ចនេះដែរ គណៈប្រតិភូអគ្គស្នងការនគរបាលជាតិដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានចុះសួរសុខទុក្ខនិងថវិកាមួយចំនួនជូនក្រុមគ្រួសារលោកឧត្តមសេនីយ៍ត្រី ប្រិយ ច្រម ស្នងការរង ដែលមានជំងឺ ជរាពាធ ប្រចាំកាយ ជាច្រើនឆ្នាំមកហើយ នេះសបញ្ជាក់ឲ្យឃើញថាថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិតែងតែគិតគូរពីសុខទុក្ខមន្ត្រីនគរបាលក្រោមឱវាទពោលគឺមិនទុកពួកគាត់ឲ្យនៅឯកកោរនោះ៕