(កំពង់ឆ្នាំង)៖ លោក វឿន វ៉ុន នាយនគរបាលប៉ុស្ដិ៍ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវរថយន្ដបុក ខណៈដែលលោកកំពុងជិះម៉ូតូតាមដងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានក្រោយពេលបញ្ចូនដល់មន្ទីរពេទ្យបង្អែកស្រុក បានបណ្តាលឲ្យស្លាប់តែម្តង។ ចំពោះការស្លាប់របស់ជនរងគ្រោះត្រូវបានសាច់ញាតិសព បន្ទោសក្រុមគ្រូពេទ្យដោយសារតែយឺតយ៉ាវ ក្នងការបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត នៅពេលដែលជនរងគ្រោះហូរឈាមខ្លាំង ដោយរបួសគ្រាន់តែបាក់ជើង។
ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចភូមិអន្លុងត្បាល់ ឃុំឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នាយប៉ុស្ដិ៍នគរបាលឃុំថ្មឥដ្ឋ កំពុងតែជិះម៉ូតូតាមដងផ្លូវ ក្នុងទិសដៅសំដៅទៅផ្ទះ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿង បានរេចង្កូតមកបុក បណ្ដាលលោកនាយប៉ុស្ដិ៍រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូលទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច បណ្តាលឲ្យស្លាប់តែម្តង។
ដោយសារមុខរបួសរបស់លោក បានសភាពធ្ងន់ធ្ងរ រហូតចេញឈាមខ្សោះពីខ្លួន ព្រោះតែក្រុមគ្រួពេទ្យមិនប្រញ៉ាប់បញ្ជូនបន្ដ ទើបធ្វើឲ្យលោកនាយប៉ុស្ដិ៍បាត់បង់ជីវិតតែម្ដង។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវដង្កល់ធ្វើបុណ្យនៅក្នុងវត្តវិហារសំណ ស្ថិតក្នុងស្រុកកំពង់ត្រឡា ខេត្តកំពង់ឆ្នាំង៕