(ភ្នំពេញ)៖ លោក សាន សាង អតីតសមាជិកគណៈកម្មការនាយករបស់គណបក្ស សម រង្ស៉ី បានមើលឃើញថា កំហុសនៃការដឹកនាំដែលគ្មានយុទ្ធសាស្ត្រអ្វីទាំងអស់ របស់លោក សម រង្ស៉ី គឺជាដើមចមដ៏ធំដែលនាំបក្សប្រឆាំងកាន់តែរិចរិល ហើយជីវិតនយោបាយរបស់លោក សម រង្ស៉ី រំកិលទៅរកការអស្តង្គត។
និយាយដល់រឿងកង្វះយុទ្ធសាស្ត្រ នៃការដឹកនាំរបស់លោក សម រង្ស៉ី, លោក សាន សាង ក៏នឹកឃើញដល់ព្រឹត្តិការណ៍លោក សម រង្ស៉ី ដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០០៩ ដែលនាំឱ្យមានទោសទណ្ឌគេចខ្លួននៅក្រៅស្រុកអស់ជាច្រើនឆ្នាំ។
ពាក់ព័ន្ធការដកបង្គោលតម្រុយព្រំដែន នៅក្នុងភូមិកោះក្បាន ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៩ លោក សាន សាង បានរំលឹកថា គោលបំណងធំនៃការចុះទៅខេត្តស្វាយរៀងនាពេលនោះ គឺធ្វើបុណ្យកឋិននៅវត្តមួយជាប់ព្រំដែន គឺមិនមានផែនការត្រូវចុះទៅមើលព្រំដែន ឬដកបង្គោលព្រំដែនអ្វីនោះឡើយ។
ស្រាប់តែពេលចុះទៅដល់វត្តជាប់ព្រំដែន ក៏បង្ហួសទៅដកបង្គោលតម្រុយព្រំដែនតែម្តង។ លោក សាន សាង បានលើកឡើងថា ការដកបង្គោលព្រំដែនជាកំហុសមួយទៅហើយ ដ្បិតថាក្នុងនាមជាប្រធានបក្សនយោបាយមួយ គ្មានសិទ្ធិក្នុងការដកបង្គោលព្រំដែននោះឡើយ។ ប៉ុន្តែរឿងកាន់តែធំទៀតនោះ ក្រោយពេលដកហើយ នាំយកបង្គោលព្រំដែនទាំងនោះមករក្សាទុកនៅទីស្នាក់ការគណបក្សទៀត។
ផ្តើមចេញពីរឿងដកបង្គោលតម្រុយព្រំដែននេះ ធ្វើអាជ្ញាធរខេត្តស្វាយរៀងប្តឹង ហើយលោក សម រង្ស៉ី ក៏រត់គេចខ្លួននៅក្រៅប្រទេស រហូតដល់ខែកក្កដា ឆ្នាំ២០១៣ ទើបបានត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន។
លោក សាន សាង រំលឹករឿងនេះឡើង គឺចង់បង្ហាញពីរបៀបធ្វើនយោបាយរបស់លោក សម រង្ស៉ី ដែលធ្វើតាមអារម្មណ៍នឹកឃើញ ដោយគ្មានការគូសវាសផែនការអ្វីទាំងអស់។ សម្រាប់លោក សាន សាង ការធ្វើនយោបាយគ្មានផែនការ គ្មានការគិតគូរជាមុនឱ្យបានច្បាស់លាស់នេះហើយ ទើបធ្វើឱ្យបក្សប្រឆាំងបរាជ័យលើសមរភូមិប្រជាធិបតេយ្យ ហើយជីវិតនយោបាយរបស់លោក សម រង្ស៉ី ដើរដល់ទីបញ្ចប់ដូចពេលបច្ចុប្បន្ន៕