(ភ្នំពេញ)៖ លោក យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់ចៅសង្កាត់ និងនាយប៉ុស្តិ៍ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ពង្រឹងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆាប់ៗខាងមុខនេះ។
ការណែនាំនេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់លោក លោកស្រីចៅសង្កាត់ទាំង១១ នគរបាលប៉ុស្តិ៍ទាំង១១ និងប្រជាការពារ ក្នុងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដែលចូលរួមពីលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ តំណាងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ លោកលោកស្រីចៅសង្កាត់ និងនាយប៉ុស្តិ៍សង្កាត់ទាំង១១ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
នាឱកាសនោះ លោក យុន ឈុន្នី បានជំរុញលើកទឹកចិត្តដល់លោកលោកស្រីចៅសង្កាត់ទាំង១១ កម្លាំងនគរបាលប៉ុស្តិ៍ទាំង១១ក្នុងខណ្ឌដូនពេញ ក៏ដូចជាក្នុងរាជធានីភ្នំពេញ និងប្រជាការពារក្នុងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកក៏បានជំរុញឱ្យការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
លោករដ្ឋលេខាធិការបានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ
ដំណាក់កាលទី១ មាន៖ បាវចនា៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ៥។
លោកបានបន្តទៀតថា ក្រសួងមហាផ្ទៃដឹកនាំដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បទល្មើសគ្រប់ប្រភេទត្រូវបានកាន់បន្ថយជាបន្តបន្ទាប់ មានជាអាទិ៍៖ បទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៉ីសង ក្មេងទំនើង។ល។ ការយកចិត្តទុកដាក់របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ជាការជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពីព្រោះបើក្នុងមូលដ្ឋានមានសេចក្តីសុខ សុវត្ថិភាព គ្មានអំពើលួច ឆក់ប្លន់ គ្មានគ្រឿងញៀននោះសេចក្តីសុខផ្លូវកាយក៏កើតមានដែរ។
ជាមួយនេះ ដើម្បីរួមគ្នាពង្រឹងសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញបានដាក់ចេញទិសដៅអនុវត្ត ដូចខាងក្រោម៖
* បន្តផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយថែមទៀតដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ និងរៀបចំវេទិកាសាធារណៈ នៅតាមតំបន់មិនទាន់រៀបរយ និងតំបន់អាជីវកម្ម។
* បន្តពង្រឹង និងជំរុញសកម្មភាពក្រុមប្រជាការពារឲ្យចូលរួមរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងគោលដៅដែលខ្លួនទទួលខុសត្រូវ
* បន្តពង្រឹងគណបញ្ជាការឯកភាពខណ្ឌ គណបញ្ជាការឯកភាពសង្កាត់ ដែលមានអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌជាសេនាធិការអោយគណបញ្ជាការឯកភាពខណ្ឌ និងនាយប៉ុស្តិ៏នគរបាលសង្កាត់ទាំង ១១ ជាសេនាធិការ
* បន្តជម្រុញប្រជាការពារសង្កាត់ទាំ ១១ អោយខិតខំល្បាត និងទទួលយកសំណូមពរប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ។
* បន្តជម្រុញលោក លោកស្រីចៅសង្កាត់ទាំ១១ ដោះស្រាយសំណូមពរប្រជាពលរដ្ឋក្រោយពីធ្វើវេទិការសាធារណរួច។ ក្នុងករណីដោះស្រាយមិនចេញត្រូវប្រញ៉ាប់ឆ្លើយតបទៅម្ចាស់សំណើ ហើយបញ្ជូនឯកសារមករដ្ឋបាលខណ្ឌដូនពេញដើម្បីបន្តរកដំណោះស្រាយ។
* បន្តពង្រឹងការចុះធ្វើការឆែកអាវុធជាតិផ្ទុះ ឆែកគ្រឿងស្រវឹងសម្រាប់ថ្នាក់ខណ្ឌ និងធ្វើរដ្ឋបាលតំបន់ងាយរងគ្រោះសម្រាប់ថ្នាក់សង្កាត់។
* បន្តប្រជុំផ្សព្វផ្សាយដល់ម្ចាស់ផ្ទះសំណាក់ ម្ចាស់សណ្ឋាគារ ខន់ដូ អោយសហការផ្តល់ព័ត៌មានមកសមត្ថកិច្ចក្នុងករណីមានជនសង្ស័យមកស្នាក់នៅ និងធ្វើសកម្មភាពខុសប្រក្រតី។
* បន្តជម្រុញអោយលោក លោកស្រីចៅសង្កាត់ លោកលោកស្រីនាយប៉ុស្តិ៏ទាំ ១១ត្រូវស្រង់ស្តិតិ ធ្វើរបាយការណ៏មករដ្ឋបាលខណ្ឌអោយបានជាប់ជាប្រចាំចំពោះជននិសន្តប្រវេសដែលមកស្នាក់នៅគ្មានអត្ទសញ្ញាណច្បាស់លាស់។
* បន្តពិនិត្យតាមដាន និងកំណត់មុខសញ្ញាជនល្មើសដែលទើបចេញពីពន្ធនាគារ៕