(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិតមធ្យម ៤,៩រ៉ិចទ័រ បានវាយប្រហារភាគខាងកើត ប្រទេសជប៉ុនត្រង់តំបន់ ដែលធ្លាប់ទទួលរងគ្រោះ ដោយរលកយក្សស៊ូណាមិ ខ្លាំងបំផុត នៅឆ្នាំ ២០១១ ខណៈដែល កម្លាំងរញ្ជួយរបស់វា ក៏បានញាប់ញ័រដល់ទីក្រុងតូក្យូ ដែលស្ថិតនៅមិនឆ្ងាយពី ចំណុចរំញ័រប៉ុន្មាននោះដែរ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយទូរទស្សន៍រដ្ឋជប៉ុន NHK នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលជប៉ុន នៅមិនទាន់ចេញសេចក្តីព្រមានណាមួយ ពីរលកយក្សស៊ូណាមិ ឬ ក៏អាចកើតមានការខូចខាត និងមនុស្សរងគ្រោះថ្នាក់នោះឡើយ។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១១ គ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ៨,៩រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរ ភាគខាងកើតជប៉ុន នាំឲ្យកើតមានរលក យក្សស៊ូណាមិកម្ពស់ ១៤ម៉ែត្រ និង សម្លាប់ប្រជាជនជប៉ុនអស់ជិត ២០,០០០នាក់។ អ្វីដែលអាក្រក់ បន្ថែមទៀតនោះ គឺការផ្ទុះរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដែលបានបង្កឲ្យវិនាសកម្មកាន់តែដុនដាប៕