(សៀមរាប)៖ ក្រុមការងារគម្រោង ភូមិធម្មជាតិរុនតាឯក នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះផ្ដល់បទពិសោធន៍ បណ្ដុះបណ្ដាលផ្នែកកសិកម្ម ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ភូមិដំណាក់ខ្ចាស់ មានទីតាំង ភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ការចុះបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោយពីសហគមន៍ ភូមិដំណាក់ខ្ចាស់ បានដាក់សំណើជូនក្រុមការងារ គម្រោងអភិវឌ្ឍភូមិ ធម្មជាតិរុនតាឯក ដើម្បីសូមសិក្សាពីបទពិសោធន៍ នៃការពង្រឹងសហគមន៍, របៀបនៃការធ្វើកសិកម្ម ជាលក្ខណៈបច្ចេកទេស ការចិញ្ចឹមសត្វ របៀបនៃការធ្វើជីធម្មជាតិ ជាពិសេសការស្វែងរកទីផ្សារ សម្រាប់ប្រជាកសិករក្នុងសហគមន៍ ក្នុងគោលបំណង ជួយសម្រួលដល់ ជីវភាពគ្រួសារប្រជាពលរដ្ឋ នៅក្នុងភូមិ តាមរយៈការធ្វើកសិកម្ម និងការចិញ្ចឹមសត្វ។
លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ ភូមិជាតិរុនតាឯក បានលើកឡើងអំពីប្រវត្តិ នៃការបង្កើតភូមិធម្មជាតិរុនតាឯក ដែលបានបង្កើតឡើង ដោយអាជ្ញាធរជាតិអប្សរា ជូនដល់សហគមន៍ តាំងពីចាប់ផ្តើមរហូត ដល់បច្ចុប្បន្ន ហើយអាជ្ញាធរជាតិអប្សរា មានគម្រោងជាច្រើន ក្នុងការអភិវឌ្ឍភូមិធម្មជាតិ រុនតាឯកនេះ ដើម្បីលើកស្ទួយដល់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ឱ្យមានលក្ខណៈល្អប្រសើរ។
គម្រោងដែលអាជ្ញាធរជាតិអប្សរា បានដាក់ចេញនោះ គឺផ្តោតសំខាន់ទៅលើផ្នែកកសិកម្ម ដំណាំហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ និងរបៀបនៃការធ្វើជីធម្មជាតិ ហើយគម្រោងទាំងអស់នេះ បានជំរុញឱ្យមានការបង្កើន ចំណូលជាប្រចាំថ្ងៃ និងចំណូលជាលក្ខណៈរដូវ ដល់គ្រួសាររបស់ពួកគាត់ផងដែរ។
លោកបានបន្តថា គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលបានរៀបចំឡើង ដោយអាជ្ញាធរជាតិ អប្សរានេះ បាន ផ្តល់បទពិសោធន៍បច្ចេកទេសវិជ្ជាជីវៈ និងបានរួមការសហការ ជាមួយសហគមន៍ ដទៃជាច្រើន នៅក្នុងស្រុកបន្ទាយស្រី និងមកពីស្រុក តំបន់ផ្សេងៗ នៅក្នុងខេត្តសៀមរាប។
លោក យ៉ិន យ៉ឺន ជាប្រធានសហគមន៍ ភូមិដំណាក់ខ្ចាស់ បានលើកឡើងថា ក្រុមការងារសហគមន៍ របស់លោករីករាយណាស់ ដែលទទួលបានបទពិសោធន៍ផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងរបៀបនៃ ការធ្វើជីកំប៉ុស្តិ៍ ជីអ៊ីអិមខ្មែរ ពីក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយការជួបជុំនេះ ជាការជួបជុំដ៏មានន័យ សម្រាប់ក្រុមការងារ សហគមន៍របស់លោក ព្រោះសហគមន៍ភូមិដំណាក់ខ្ចាស់ ជាសហគមន៍ថ្មី មានបទពិសោធន៍តិចតួច ដូច្នេះត្រូវរៀនយក បទពិសោធន៍ពីសហគមន៍ ដែលជារៀមច្បង ជាពិសេសគម្រោងអភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក នេះតែម្តង ដោយសារតែភូមិនេះ ជាភូមិគំរូក្នុងការអភិវឌ្ឍគ្រួសារ ដោយផ្តោតទៅលើផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងការបង្កើតជីធម្មជាតិ។
លោក យ៉ិន យ៉ឺន បន្តថាការសហការនេះ ជាសញ្ញាវិជ្ជមានមួយ សម្រាប់សហគមន៍របស់លោក ហើយក៏ជាដំណឹងល្អ ដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិផងដែរ។ ក្រុមការងារសហគមន៍ របស់លោកនឹងប្តេជ្ញា ដើម្បីនាំយកចំណេះដឹងទាំងនេះ បញ្ជ្រាបទៅដល់ប្រជាកសិករ នៅក្នុងភូមិដំណាក់ខ្ចាស់ និងប្រជាកសិករភូមិដទៃៗទៀត ដែលស្ថិតនៅក្នុងសំបួរ៕