(ភ្នំពេញ)៖ មេដឹកនាំអាស៊ានទាំង ១០រូប បានស្នើឲ្យប្រតិភូអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាយោបល់ធុរកិច្ចអា ស៊ាន ចូលរួមផ្តល់ជាយោបល់ និងគំនិតល្អៗឲ្យបានកាន់តែច្រើន ថែមទៀត ដើម្បីឈានទៅសម្រេចលើចក្ខុវិស័យនានា របស់អាស៊ាន ដែលជាបំណងប្រាថ្នា របស់ប្រជាជនអាស៊ានជាង ៦២០លាននាក់ រស់នៅប្រកបដោយសុខសន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍរីកចម្រើន គ្រប់ក្រុមគ្រូសារ ពិសេសការរស់នៅ ដោយភាពសុខដុមរមនា។
សំណើរបស់មេដឹកនាំអាស៊ាន បានធ្វើឡើងក្នុងពេលជួបប្រជុំដាច់ដោយឡែកពីគ្នា ជាមួយប្រតិភូអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាយោបល់ធុរកិច្ចអាស៊ាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ បន្ទាប់ពីមេដឹកនាំអាស៊ាន បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ានស្តីពី «អាស៊ានមួយ ការឆ្លើយតបមួយរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់»។ នេះបើតាមការចេញផ្សាយរបស់នៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានាព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបដាច់ដោយឡែកពីគ្នានេះ មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាល បាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដែលបានផ្តល់កិច្វសហការដ៏ទូលំទូលាយដល់ផ្នែករដ្ឋាភិបាល ដើម្បីឈានទៅសម្រេច បាននូវគោលដៅអាទិភាព ជាច្រើនក្នុងរយៈពេលកន្លងមក ពិសេសការឈានទៅបង្កើត សហគមន៍អាស៊ានកាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ កន្លងមកនេះ។
មេដឹកនាំអាស៊ានទាំងអស់ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរបកគំហើញ និងអនុសាសន៍គោលនយោបាយនានា ដែលអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាល ផ្តល់យោបល់ធុរកិច្ចអាស៊ាន បានផ្តល់ជូនមេដឹកនាំអាស៊ាន ក្នុងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់អាស៊ាន ពិសេសការជំរុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ក្នុងនោះរួមទាំងអនុសាសន៍ ទាំង ១០ចំណុច ដែលទើបត្រូវបានលើកឡើងដោយ ក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ច អាស៊ានដើម្បីសម្រួលដល់ ការធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកម្ម ម្ហូបអាហារ ពាណិជ្ជកម្ម អេឡិច ត្រូនិច ឡូជីស្ទីក សហគ្រាសមីក្រូធុនតូច និងមធ្យម។
មេដឹកនាំអាស៊ានក៏បានគូសបញ្ជាក់ដែរថា តំបន់អាស៊ានមានទស្សនៈ អនាគតល្អសម្រាប់ការបន្តទាក់ទាញ ការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដោយមានការយកចិត្តទុកដាក់ ទៅលើការធ្វើឲ្យប្រសើរឡើង និងភាពប្រទាក់ក្រឡាគ្នា សម្រាប់ស្រទាប់យុវជន បណ្តាមេដឹកនាំអាស៊ានបាន ជំរុញឲ្យយុវជននៃបណ្តាប្រទេស អាស៊ានទាំងអស់ មិនគ្រាន់តែការបង្កើនឲ្យមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចសិក្សា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដូចគ្នានោះទេ តែត្រូវខិតខំយ៉ាងណាជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយយុវជន នៃប្រទេសជាដៃគូសន្ទនារបស់អាស៊ាន និងបណ្តាប្រទេសក្រៅតំបន់ ដើម្បីឲ្យយុវជនរបស់យើងកាន់តែ ទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងការប្រាស្រ័យទាក់ទងគ្នា អោយកាន់តែជិតស្និទ្ធ និង មានភាពស្វាហាប់ក្នុងជីវិត។
ទាក់ទិនទៅនិងការជួបប្រាស្រ័យ ជាមួយក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាដោយផ្តោត ការយកចិត្តទុកដាក់ទៅលើកិច្ចការ ជាអាទិភាពមួយរួមមាន៖
ទី១) ការលុបបំបាត់ឲ្យអស់នូវរបាំង នានាដែលមានផលប៉ះពាល់ ជាអវិជ្ជមានដល់ដំណើរការ ពាណិជ្ជកម្ម និងវិនិយោគ។
ទី២) បន្តផ្តោតលើការសម្រួលពាណិជ្ជកម្ម និងកែ លម្អបរិយាកាសវិនិយោគនៅក្នុងតំបន់ ពិសេសតាមរយៈការអនុវត្តឲ្យបានពេញ លេញនូវបញ្ជរតែមួយរបស់អាស៊ាន និងបញ្ជារតែមួយ របស់ប្រទេសជាសមាជិកអាស៊ាន។
ទី៣)ការលើកម្ពស់សេរីភាវូបនីយកម្មលើវិស័យសេវា ដូចជាវិស័យធានារ៉ាប់រង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិ យោគ និងទីការលើកកម្ពស់ការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីក ដើម្បីពង្រឹងភាពប្រកួតប្រជែង នៃវិស័យឧស្សាហកម្មក្នុងតំបន់ ដោយទាក់ទាញ ដៃគូពាក់ព័ន្ធទាំងអស់ចូលរួម ពោលគឺរបកគំហើញ និងអនុសាសន៍ទាំងអស់នេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ប្រទេស ជាសមាជិកអាស៊ាន ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។
ក្នុងទំព័រ Facebook របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បន្តខិតខំប្រឹងប្រែងកៀរគរ អ្នកវិនិយោគទុនពី បណ្តាប្រទេសអាស៊ាន និងពីសហគមន៍អន្តរជាតិ ដើម្បីជំរុញការវិនិយោគ នៅកម្ពុជាឲ្យកាន់ តែមានសន្ទុះរីកចម្រើនខ្លាំងទៅមុខ ដែលផ្តល់ឱកាសដល់ពលរដ្ឋ និងយុវជនខ្មែរទូទៅទទួលបានការពង្រឹងសមត្ថភាព និងការងារសមរម្យ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជឿនលឿន៕