(សៀមរាប)៖ ក្រោមការរៀបចំរបស់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងក្របខណ្ឌគម្រោងអភិរក្សប្រាសាទព្រះពិធូរ មន្ត្រីជំនាញ១០រូប នៃអាជ្ញាធរជាតិអប្សរា បានទៅទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ហើយបេសកកម្មនេះ គឺផ្តោតទៅលើការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍អំពីការងារគ្រប់គ្រងបេតិកភណ្ឌ នៃប្រទេសទាំងពីរ។
ក្រោយវិលត្រឡប់មកដល់កម្ពុជាវិញ លោក រស់ បូរ៉ាត់ អគ្គនាយករង និងជាប្រធានក្រុមការងារនេះ បានវាយតម្លៃខ្ពស់ថា កម្មវិធីនេះបានផ្តល់នូវការយល់ដឹង កាន់តែទូលំទូលាយ អំពីការងារគ្រប់គ្រងបេតិកភណ្ឌ ហើយតាមរយៈការរៀបចំកម្មវិធីនេះ បានធ្វើឲ្យក្រុមការងារអភិរក្សអង្គរ មានភាពជិតស្និទ្ធខ្លាំង ជាមួយក្រុមអ្នកអភិរក្សរបស់ប្រទេសកូរ៉េ ដែលកំពុងត្រៀមខ្លួនអនុវត្តគម្រោងអភិរក្ស ជួសជុលប្រាសាទព្រះពិធូរ នាពេលឆាប់ៗខាងមុខនេះ។
លោកបន្ថែមថា «យើងមិនអាចយកបេតិកភណ្ឌគេ មកប្រៀបធៀបនឹងយើងនោះទេ ព្រោះមានចំណុចពិសេសផ្សេងពីគ្នា ប៉ុន្ដែគេបានណែនាំឲ្យយើងស្គាល់ពីរបៀបគ្រប់គ្រង បេតិកភណ្ឌរបស់គេ ហើយក៏បានសុំឲ្យយើងផ្តល់ចំណេះដឹង ពីរបៀបគ្រប់គ្រងបេតិកភណ្ឌអង្គរដល់គេវិញដែរ យើងសង្ឃឹមថាការយល់ដឹងពីគ្នា ភាពជិតស្និទ្ធនិងគ្នានេះ នឹងនាំឲ្យការអភិរក្សប្រាសាទព្រះធូរពិត ជាទទួលបានជោគជ័យមិនខាន»។
លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក៏បានយល់ឃើញថា ការគ្រប់គ្រងបេតិកភណ្ឌរបស់ប្រទេសកូរ៉េ បានជោគជ័យច្រើន ជាពិសេសលើផ្នែកស្រាវជ្រាវចងក្រងជាឯកសារ ទន្ទឹមនឹងនេះ វិធីសាស្ត្រផ្សព្វផ្សាយរបស់គេក៏មានភាពទូលំទូលាយដែរ រីឯវត្ថុដែលបានពីចំណាយ និងឯកសារចងក្រង ត្រូវបានផ្សព្វផ្សាយយ៉ាងល្អ តាមរយៈការដាក់តាំងនៅសារមន្ទីរ ដែលជាកន្លែងបណ្តុះបណ្តាលក្មេងៗជាច្រើន ហើយនេះជាអ្វីដែលកម្ពុជានៅមានកម្រិត ប៉ុន្ដែកម្ពុជាអាចរៀនសូត្រពីគេ។
លោកបញ្ជាក់ថា «បើយើងបានយកចិត្តទុកដាក់ផ្សព្វផ្សាយ ទូលំទូលាយដល់អ្នករស់នៅជុំវិញតំបន់បេតិកភណ្ឌនោះ នឹងជួយបានច្រើនណាស់ គឺអាចបញ្ជៀសផលប៉ះពាល់ពីសំណាក់សហគមន៍មកលើបេតិកភណ្ឌ ហើយសហគមន៍នឹងងាកមកជាអ្នកចូលរួមការពារបេតិកភណ្ឌទៅវិញ»។ ចំណែកការអភិរក្សបេតិកភណ្ឌរបស់គេ មិនត្រឹមតែគិតគូរពីរឿងបេតិកភណ្ឌតែម្យ៉ាងនោះទេ តែគេបានគិតគូរដល់បរិស្ថានជុំវិញយ៉ាងល្អិតល្អន់ ទៅជាទេសភាពវប្បធម៌មួយ ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយចំណុចពិសេសមួយទៀតគឺ ការអភិរក្សបេតិកភណ្ឌអរូបី។
ជាមួយគ្នានោះដែរ លោកក៏បានឲ្យដឹងថា បេតិកភណ្ឌអរូបី ដែលមានទំនៀមទម្លាប់ ឬសិល្បៈជាដើម ត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ណាស់ តាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានការសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ បង្ហាត់បង្រៀននៅតាមគ្រឹះស្ថានសិក្សាជាដើម៕