(ភ្នំពេញ)៖ លោក បិុល កុសល អភិបាលខណ្ឌសែនសុខ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក នាំសត្វគោចិញ្ចឹមទៅចាក់ថ្នាំបង្កាឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះ តទៅ ព្រោះថាការចាក់ថ្នាំនេះ មិនមានគិតប្រាក់អ្វីទាំងអស់។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង ខណៈដែលលោកអភិបាលខណ្ឌ ចូលរួមក្នុងពិធីចាក់ថ្នាំបង្កាជម្ងឺសារទឹក និងជម្ងឺអុតក្តាម ឲ្យសត្វគោ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ពិធីនេះក៏មានការចូលរួមពី មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ លោក ចៅសង្កាត់ឃ្មួញ និងមន្ត្រីសាលាខណ្ឌ ជាច្រើននាក់ទៀតផងដែរ។
ជាមួយគ្នានោះ លោក ជេត ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ លោកតែងតែដឹកនាំមន្ត្រីបសុព្យាបាល ចុះទៅចាក់ថ្នាំបង្កាជម្ងឺសារទឹក អុតក្តាម បូសខ្យល់ ដល់សត្វគោ របស់ប្រជាពលរដ្ឋដែល រស់នៅក្នុងរាជធានីភ្នំពេញ ដោយក្នុង១ឆ្នាំ ចាក់ថ្នាំបង្កាចំនួន២ដង។
លោក បានបញ្ជាក់ផងដែរថា នេះជាលើកទី២ នៅក្នុងយុទ្ធនាការចាក់ថ្នាំបង្កាជម្ងឺដល់សត្វគោនេះ បើតាមគម្រោងសត្វគោប្រមាណជាង២០០ក្បាល ត្រូវបានត្រៀមទទួលការចាក់ថ្នាំបង្កាជម្ងឺសារទឹក ជម្ងឺអុតក្តាម និងជម្ងឺបូសខ្យល់៕