(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចាត់ឲ្យមន្រ្តី នគរបាលរបស់លោក នាំយកអំណោយជាគ្រឿងបរិភោគ និងថវិកាមួយចំនួន របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនបុរសម្នាក់ ដែលកើតជម្ងឺរលួយដៃម្ខាង គួរឲ្យអាណិត ហើយថែមទាំងឲ្យនាំយកគាត់យកទៅ ព្យាបាលដោយឥតគិតថ្លៃ រហូតជាសះស្បើយទៀតផង។
បុរសអភ័ព្ទដែលរស់នៅជាមួយប្រពន្ធ និងកូនៗខាងលើនេះ មានឈ្មោះ ង៉ែត តន អាយុ៤១ ឆ្នាំរស់នៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា នៅព្រឹកថ្ងៃនេះ កម្លាំងរបស់លោក បានដឹកយកជនរងគ្រោះរូបនេះ ទៅព្យាបាលនៅមន្ទើរពេទ្យ ស៊ុនយ៉ាខៀល ដោយសម្តេចនឹងចេញថ្លៃរ៉ាប់រងទាំងអស់។
លោកស្នងការបានបញ្ជាក់ថា ជម្ងឺដែលកើតលើដៃរបស់បុរសរងគ្រោះរូបនេះ មិនដឹងជាជម្ងឺអ្វីនោះឡើយ ដោយបានកើតឡើងជា យូរមកហើយ តែដោយសារតែគ្មានលុយចេះតែទុក នៅចឹងដោយក្តីឈឺចាប់រាល់ថ្ងៃ៕