(ភ្នំពេញ)៖ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក បានកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកាន់តួនាទីជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដោយបានធ្វើឱ្យកម្ពុជាមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។ លោក មីឆែល យ៉េវ ចង់ឃើញសម្តេចតេជោ ចែករំលែកបទពិសោធន៍នៃការដឹកនាំនេះ ទៅកាន់បណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ាន។
ការកោតសរសើររបស់លោក មីឆែល យ៉េវ ចំពោះការដឹកនាំរបស់សម្តេចតេជោ បានធ្វើឡើងក្នុងពេលចូលជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរតទស្សនកិច្ចរបស់លោក តាន់ស្រ៊ី មីឆែល យ៉េវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក និងគណៈប្រតិភូនៅកម្ពុជា។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណលោក មីឆែល យ៉េវ ដែលតែងតែគាំទ្រកម្ពុជាជាហូរហែរ ជាពិសេសក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំអាស៊ានឆ្នាំ២០២២។ សម្តេចតេជោ ក៏បានអរគុណវិទ្យាស្ថាន KSI ដែលបានផ្ដល់ពានរង្វាន់មួយជីវិតដល់សម្ដេច ជាថ្នាក់ដឹកនាំឆ្នើមនៅអាស៊ាន ដែលបានកាន់ញញួរ អាស៊ាន រហូតដល់ទៅ៣ដង។ សម្ដេចតេជោ ក៏បានសម្ដែងការរីករាយ ដែលបានធ្វើការជាមួយលោក មីឆែល យ៉េវ រយៈពេលជាងដប់ឆ្នាំកន្លងនេះ។
លោក មីឆែល យ៉េវ បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោកចូលជួបសម្ដែងការគួរសមក្នុងពេលរូបលោកបំពេញទស្សនកិច្ចនៅកម្ពុជា។ ប្រធានវិទ្យាស្ថាន KSI ក៏បានសំដែងការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ។ លោក មីឆែល យ៉េវ បានគូសបញ្ជាក់ថា ចាប់តាំងពីលោកគ្រប់គ្រង KSI មក លោកបានកត់សម្គាល់ឃើញថា កម្ពុជាមានការអភិវឌ្ឍ រីកចម្រើនយ៉ាងសម្បើម ដែលបង្ហាញពីការដឹកនាំរបស់សម្ដេចតេជោ ហើយសង្ឃឹមថា សម្ដេចតេជោ នឹងមានការចែករំលែកនូវការដឹកនាំរបស់សម្ដេច ប្រកបដោយប្រសិទ្ធភាពនេះដល់បណ្ដាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត។
លោក មីឆែល យ៉េវ បានគូសរំលេចថា ការដឹកនាំរបស់សម្ដេចតេជោ បាននាំមកនូវស្ថិរភាព សន្តិសុខដល់កម្ពុជា ធ្វើឱ្យមានកំណើនក្នុងវិស័យសេដ្ឋកិច្ច សង្គម ហើយប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានការអភិវឌ្ឍលឿននៅក្នុងតំបន់។
លោក មីឆែល យ៉េវ ក៏បានសំដែងការចាប់អារម្មណ៍ចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្រោយពីបានជួបពិភាក្សាការងារផ្ទាល់ជាមួយសម្តេចធិបតី។ លោកប្រធានវិទ្យាស្ថាន KSI បានមានប្រសាសន៍ថា សម្ដេច ធិបតីនាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ មានភាពឆ្លាតវៃក្នុងការដឹកនាំ ហើយសង្ឃឹមថា សម្ដេចធិប តី នឹងបន្តបេសកកម្មសម្ដេចតេជោ ដឹកនាំកម្ពុជាទៅរកការរីកចម្រើនក្នុងសម័យកាលថ្មីមួយថែមទៀត។
លោក មីឆែល យ៉េវ បានជម្រាបសម្ដេចតេជោផងដែរថា លោកគ្រោងនាំមកនូវសហគ្រិន អ្នកវិនិយោគជាច្រើន ដែលផ្ដោតទៅលើវិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស។ លោកក៏បានជម្រាបជូនសម្ដេចតេជោ ពីការរៀបចំនូវវេទិកាផ្នែកបច្ចេកវិទ្យា និងការធ្វើធុរកិច្ចសំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍ទាំងពីរនោះ រួមមាន៖
ទី១៖ កិច្ចប្រជុំកំពូលសកលស្ដីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ២០២៤ ( Global Chinese Economic and Technology Summit 2024)
ទី២៖ កិច្ចប្រជុំកំពូលស្ដីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (ASIA Economic Entrepreneurship Summit) ដែលនឹងនាំអ្នកវិនិយោគិនពីបណ្ដាប្រទេសទូទាំងពិភពលោក វិនិយោគិនពីអាមេរិក អ៉ឺរ៉ុប ចិន មកកាន់តំបន់អាស៊ាន ជាពិសេសកម្ពុជា ដើម្បីស្វែងរកឱកាសដើម្បីវិនិយោគ។
លោកសង្ឃឹមថា វេទិកាទាំងពីរនេះនឹងទាក់ទាញវិនិយោគិននៅក្នុងតំបន់ និងជុំវិញពិភពលោក។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការរៀបចំវេទិកាទាំងពីរនោះ និងបានផ្ដល់យោបល់ថា សូមឱ្យកម្មវិធីនានា ចូលរួមដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី។
សម្ដេចតេជោ ផ្ដល់យោបល់បន្ថែមថា សូមឱ្យមានការគិតគូរធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយផ្ដោតទៅលើពាណិជ្ជកម្មតម្រង់ទិសទៅលើពាណិជ្ជកម្មអាស៊ាន និងចិន។ សម្ដេចតេជោ ចាត់ទុកប្រទេសចិន គឺជាទីផ្សារធំមួយសម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើប្រៀបធៀបប្រជាជនចិនគឺច្រើនជាងអាមេរិកនិងអឺរ៉ុបបូកចូលគ្នាទៀត ហើយសេចក្ដីត្រូវការរបស់ចិន គឺធំធេងណាស់ ដូច្នេះត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ។ សម្ដេចតេជោ បានធ្វើការប្រៀបធៀបក្នុងសម័យកូវីដ១៩ ដែលពីមុននោះគិតគូរតែទីផ្សារឆ្ងាយៗ ផ្ទុយទៅវិញនៅពេលការរារាំងដោយជំងឺកូវីដ១៩ ពាណិជ្ជកម្មរបស់កម្ពុជា និងបណ្ដាប្រទេសអាស៊ានជាអាទិ៍ជាមួយវៀតណាម ជាមួយថៃ ជាមួយម៉ាឡេស៊ី និងជាមួយចិន មានការកើនឡើងទ្វេរដង ឬអាចលើសទ្វេដងទៅទៀត។ ដូច្នេះ សម្ដេចតេជោបានផ្ដល់យោបល់ឱ្យយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវយកទុកដាក់លើអ្វីដែលមានហើយដូចជាកិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និងសមាជិកអាស៊ាននីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។
សម្ដេចតេជោ បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ាននេះ មិនព្រួយបារម្ភពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយប្រទេសមួយចំនួនទៀត គឺជាប្រទេសនាំចូលនូវស្បៀងអាហារ ដូច្នេះបណ្តាប្រទេសសមាជិកអាស៊ានអាចបំពេញឱ្យគ្នាទៅវិញទៅមក ហើយត្រូវខិតខំធ្វើសមាហរដ្ឋកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នា។
សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ឱ្យវិទ្យាស្ថាន KSI និង AVI របស់កម្ពុជា សិក្សារួមគ្នា ជំរុញទំនាក់ទំនងរកទីផ្សារក្នុងតំបន់ ជាពិសេសរវាងអាស៊ាន និងចិន។
សម្ដេចតេជោ ហ៊ុន សែន បានជូនពរ លោក មីឆែល យ៉េវ និងប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងជូនពរឱ្យការរៀបចំកិច្ចប្រជុំកំពូលទាំងពីរនៅខែវិច្ឆិកាខាងមុខនេះ ទទួលបានជោគជ័យ៕