(ភ្នំពេញ)៖ កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌ៧មករា កំពុងល្បាតតាមមូលដ្ឋានក៏ប្រទះឃើញ យុវជន ២នាក់ មានការសង្ស័យ បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ បានធ្វើសកម្មភាព ឆក់ទូរសព្ទ័ជនជាតិបរទេសម្នាក់ ដែលកំពុងជិះម៉ូតូកង់បី តាមបណ្ដោយផ្លូវលេខ ២៧៤ ភ្លាមៗនោះក៏ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌ ដេញចាប់ឃាត់ខ្លួនម្នាក់ ចំណែកម្នាក់ទៀត រត់គេចខ្លួនតែមង្ត។ ហេតុការណ៍នេះ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវ ២៧៤ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងជំនាញ កំពុងល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំង៣នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FQ-1754 ខណៈជិះមកដល់ចំណុចផ្លូវលេខ២៧៤ ជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរសព្ទ័ ជនជាតិបរទេសដែលកំពុងជិះម៉ូតូកង់បីភ្លាមៗ នោះកម្លាំងជំនាញ បាននាំគ្នាដេញតាមពីក្រោយ ប្រផាប់ប្រភីង ហើយជនសង្ស័យទាំង២នាក់ បានព្យាយាមជិះគេចខ្លួន រហូតមកដល់ចំណុចមុខ ហាងស្តាំងតូតាល់ ក៏ត្រូវបានកម្លាំងនគរបាលចាប់ជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់តែម្ដង។
នគរបាលបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ នោះទី១ ឈ្មោះ ង៉ែត វិសាល អាយុ១៦ឆ្នាំ ស្នាក់ម្ដុំទួលសង្កែ និងម្នាក់ដែលរត់គេចខ្លួនបាត់ ឈ្មោះ ហ៊ាង អាយុ១៨ឆ្នាំ ស្នាក់នៅមិនពិប្រាកដ។ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នាំទៅអធិការដ្ឋាននគរបាល ខណ្ឌ ៧មករា ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕