(ភ្នំពេញ)៖ អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា (MRC) បានគូសបញ្ជាក់ថា សារធាតុគីមីហៀរចេញពីរថយន្តដែលក្រឡាប់នៅប្រទេសឡាវ មិនបានបង្កផលប៉ះពាល់ដល់ទឹកទន្លេណាមខាន់ និងទន្លេមេគង្គនោះឡើយ។
អគ្គលេខាធិការគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុ បានឱ្យដឹងថា ស្ទឹងណាមខាន់ (Nam Khan) ជាដៃនៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងលួងព្រះបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១,៣៧០គីឡូម៉ែត្រ ខាងលើក្រុងប៉ាក់សេប្រមាណ ១,២២០គីឡូម៉ែត្រ និងខាងលើរដ្ឋធានីវៀងច័ន្ទ ប្រមាណ ៥០០គីឡូម៉ែត្រ ។ នៅក្រោមទីក្រុងលួងព្រះបាង ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ មានទំនប់វារីអគ្គិសនី សាយាបូរី នៅលើដងទន្លេមេគង្គផងដែរ។
សូមបញ្ជាក់ថា រថយន្តដឹកសារធាតុគីមីមួយគ្រឿង បានក្រឡាប់ ហើយហៀរចូលស្ទឹងណាមខាន់ ភូមិភូសាងខាំ ក្នុងខេត្តលួងព្រះបាង ប្រទេសឡាវ។ សាលាក្រុងលួងព្រះបាង បានហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួនមិនឱ្យងូតទឹក ហែលទឹក ឬប្រមូលត្រីងាប់ពីស្ទឹងណាមខាន់ និងពីទន្លេមេគង្គក្នុងទឹកដីលួងប្រាបាង មកលក់ ឬមកបរិភោគ។
អាជ្ញាធរក្រុង បានណែនាំឱ្យអាជ្ញាធរភូមិ ភូសាងខាំ ត្រូវផ្តល់ដំណឹង និងព្រមានអ្នកភូមិជាប្រចាំអំពីបញ្ហានេះ។
តាមមន្ត្រីលេខាធិការដ្ឋាន MRC ប្រចាំនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានឱ្យដឹងថា សារធាតុគីមី ដែលកំពប់ហៀរនោះ គឺអាស៊ីតស៊ុលភួរិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែហូរចូលក្នុងទឹកមិនទាំងអស់ទេ។ ករណីនេះ នាយកដ្ឋានបរិស្ថានឡាវ បានសហការជាមួយការិយាល័យក្រុងហ្លួងព្រះបាង ដើម្បីអនុវត្តវិធានការត្រួតពិនិត្យ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ។ ទោះជាយ៉ាងណា មិនបង្កផលប៉ះពាល់ដល់ទន្លេមេគង្គ ផ្នែកខាងក្រោមនោះឡើយ៕